គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) ឱ្យទៀតដឹងថា ជនរងគ្រោះទាំង២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៣៥ករណី នៅទូទាំងប្រទេស។
អ្នកនាំពាក្យរងរូបនេះ ថ្លែងថា ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។
ជាការកត់សម្គាល់ លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ថ្ងៃទី១១ ជាថ្ងៃទី១ កើតគ្រោះថ្នាក់ច្រើនជាងគេ មានចំនួន១៤ករណី បណ្ដាលឱ្យស្លាប់ចំនួន៩នាក់ និងរបួស២៤នាក់។ បន្ទាប់មក នៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន៨នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី ស្លាប់៦នាក់ និងរបួស១១នាក់។
នៅឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឱ្យមានអ្នកស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាមូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩%៕