កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រឹងលើវិស័យការងារ និងស្វែងរកកិច្ចសហការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim (ដាទុក អេលឌីន ហ៊ូសៃនី ម៉ូហាំម៉ាត់ ហាស្ស៊ីម) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងឯកភាពស្វះស្វែងរកកិច្ចសហការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ប្រទេសទាំងពីរ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ីដែលជាមិត្តក្នុងតំបន់ចំពោះការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅម៉ាឡេស៊ីដោយគ្មានការរើសអើងក្នុងខណៈដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យការងារ។ 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានពិភាក្សាដើម្បីស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិ្តបត្តិការថ្មីបន្ថែមលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន និងការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់មន្ត្រីរាជការតាមរយៈកម្មវិធី MICT។

ភាគីទាំងពីរ បានឯកភាពគ្នាខិតខំពង្រឹង និងពង្រីកលើកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញកិច្ចសហការថ្មីៗដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិទាំងពីរដែលជាការពូនជ្រំទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕