មានបេក្ខជន-បេក្ខនារីចំនួន ៤៧០ រូប បានចូលរួមក្នុងការប្រឡងជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ក្នុងក្របខ័ណ្ឌលេខាធិការ “គ” កម្រិតសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ ដែលត្រូវបានរៀបចំឡើងនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
ដំណើរការរៀបចំការប្រឡងនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមពិនិត្យការប្រឡងជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ផងដែរ។
ធនាគារជាតិ បានឲ្យដឹងថា ការជ្រើសរើសបុគ្គលិកបន្ថែមនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការធនធានមនុស្ស សម្រាប់បំពេញមុខងារភារកិច្ចកាន់តែច្រើនឡើងនៅ ធនាគារជាតិនៃកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឲ្យដឹងថា «ព្រឹកនេះខ្ញុំបានចុះពិនិត្យការប្រលងចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ដែលប្រព្រឹត្តទៅនៅ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ។ មានបេក្ខជនសរុប ប្រមាណ ៣៧០នាក់ ដែលក្នុងនោះជិត ៨០% ជាស្រ្តី។ សូមជូនពរក្មួយៗទាំងអស់ទទួលបានជោគជ័យ»៕