ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ បាននិងកំពុងទទួលបាននូវមនុញ្ញផលពីរាជរដ្ឋាភិបាល ក្រោមការសម្របសម្រួលដោយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់ជូនលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ។
ក្រោយពីរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ មករា ២០២៤ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយកម្មករ និយោជិត ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញា ២០២៣ រួចមក ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានយកចិត្តទុកខ្ពស់ក្នុងការផ្តល់ជូនសេវាជាបន្តបន្ទាប់ដល់បងប្អូនខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយនៅក្នុងវគ្គទី១នេះ ស្ថានទូតបាននិងកំពុងប្រគល់ជូននូវលិខិតឆ្លងដែនជូនដល់បងប្អូនខ្មែរទាំង ១០៦រូប ដែលបានចុះឈ្មោះកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជូនដំណឹងថា ពលរដ្ឋខ្មែរ ដែលបានមកធ្វើលិខិតឆ្លងដែនធម្មតានៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ ១៤ ខែមករា ឆ្នាំ២០២៤ ដែលមានរាយនាមក្នុងបញ្ជីជូនភ្ជាប់ គឺអាចមកទទួលយកនូវ លិខិតឆ្លងដែនធម្មតាថ្មីរបស់ខ្លួនបានចាប់ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះតទៅ រៀងរាល់ម៉ោងធ្វើការ នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដោយសាមីខ្លួនត្រូវមកទទួលយកដោយផ្ទាល់ អមជាមួយលិខិតឆ្លងដែនចាស់ និងបង្កាន់ដៃទទួលពាក្យស្នើសុំធ្វើលិខិតឆ្លងដែន៕