សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
គួរកតត់សម្គាល់ថា នៅលើតាមបណ្តាញសង្គមក្នុងប្រទេសកម្ពុជានិងប្រទេសថៃនៅពេលមានការលើកឡើងពីវប្បធម៌ផ្នែកណាមួយ ប្រជាពលរដ្ឋប្រទេសទាំងពីរតែងតែបង្ហាញពីភាពមិនចុះសម្រុងគ្នា មានការជជែកវែកញែកគ្នា ដើម្បីធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ត្បិតខ្មែរ-ថៃជាប្រទេសភូមិផងរបងជាមួយគ្នា និងមានមរតកវប្បធម៌ស្រដៀងគ្នាផងដែរ។
ខ្មែរ-ថៃប្រទេសភូមិផង និងមានវប្បធម៌ស្រដៀងគ្នា តែនៅតែមានចំណុចខុសគ្នាដែរ ដូចជាការបើកបរ អាហារហឺរៗស្ទើរគ្រប់មុខម្ហូប ការសំពះជាដើម។
យោងតាមឯកសារស្រាវជ្រាវស្តីពីវប្បធម៌ខ្មែរ និងជនជាតិសៀម ដោយអគ្គនាយករដ្ឋបាលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា សៀមបានទទួលយកវប្បធម៌ខ្មែរ ហើយរួមគ្នាគោរព និងប្រតិបត្តិតាម កសាងជាគ្រួសារ, កសាងជាសង្គមជាតិថ្មីមួយលើអតីតទឹកដីខ្មែរនិងមន បង្កឱ្យប្រទេសសៀមទទួលនូវការរីកចម្រើនជាងខ្មែរដែលជាម្ចាស់វប្បធម៌ និងម្ចាស់ទឹកដី។
ប្រភពស្រាវជ្រាវដដែលបន្តថា ខ្មែរជាមនុស្សស្រឡាញ់សេចក្តីសុខក្សេមក្សាន្ត មិនចូលចិត្តឈ្លោះគ្នាឡើយ និងជាជនជាតិមួយកើត និងរស់នៅលើទឹកដីជ្រោយសុវណ្ណភូមិ តាំងពីយូរលង់ណាស់មកហើយ ដែលយោង តាមវត្ថុតាងនៅស្ថានីយបុរេប្រវត្តិល្អាងស្ពាន នាភាគពាយ័ព្យប្រទេសកម្ពុជា បង្ហាញឱ្យដឹងថា មនុស្សខ្មែរបានកើត និងរស់នៅនាតំបន់នេះតាំងពី៥០០០ឆ្នាំមុនគ្រឹស្តសករាជ។ មនុស្សខ្មែរ ប្រតិបត្តិតាមវប្បធម៌ខ្មែរ ដែលជាវប្បធម៌បណ្តុះពូជខ្មែរឱ្យមានអត្តចរិតល្អដឹងខុសត្រូវ គោរពច្បាប់ និងប្រពៃណីទំនៀមទម្លាប់ គោរពប្រណិប័តន៍ មេបា ពិសេស គោរពម៉ែឪ គ្រូអាចារ្យ ចាស់ទុំ យ៉ាងខ្ជាប់ខ្ជួន។ វប្បធម៌ខ្មែរ គឺភាសាខ្មែរ អក្សរសាស្ត្រខ្មែរ ជំនឿអ្នកតា ព្រហ្មញ្ញសាសនា ព្រះពុទ្ធ សាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ សិល្បៈ។ល។ វប្បធម៌ខ្មែរ ផលិតចំណេះឱ្យខ្មែរមានប្រាជ្ញាវៃឆ្លាត និងចូលចិត្តការបង្កបង្កើតមិនឈប់ឈរ៕
អត្ថបទ៖ អក្ខរា