សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំបន្ថែមទៀតដើម្បីធ្វើឱ្យការងារកាន់តែល្អប្រសើរ ដើម្បីរកដោះស្រាយបញ្ហាប្រឈមនានា ស្របតាមការវិវត្តតំបន់ និងសាកលលោកប្រកបដោយភាពទន់ភ្លន់ រស់រវើក សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណង គឺ “ប្រជាជនម្នាក់ អាជីពមួយ”។
ដើម្បីសម្រេចក្ដីបំណង “ប្រជាជនម្នាក់ គឺអាជីពមួយ” សម្ដេចធិបតីបានជំរុញឱ្យក្រសួងការងារ ត្រូវខិតខំអនុវត្តឱ្យបានជោគជ័យ នូវវិធានការកែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅក្នុងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយត្រូវសម្រួលការផ្ដល់សេវាផ្សេងៗ និងកម្រងសេវាសាធារណៈឱ្យឆ្លើយតបនឹងសំណូម ររបស់វិស័យឯកជនជាបន្ទាន់ និងបញ្ចប់ឱ្យបានត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ អក្ខរា