មន្ត្រីព្រំដែន បណ្ដាយឲ្យឈ្មួញទុច្ចរិតនាំចូលទំនិញបង្កកគ្មានគុណភាព មកកម្ពុជា?

កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម បានដុតកម្ទេចចោលជើងមាន់ខូចគុណភាព ដែលនាំចូលខុសច្បាប់ជាង ១០០តោន។ ទំនិញជើងមាន់ទាំង ៤កុងតឺន័រ មានទម្ងន់សរុប ១០២តោន,៦០០គីឡូក្រាម ត្រូវបានឈ្មួញលួចនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ហើយត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

អាជ្ញាធរពិនិត្យឃើញថា ទំនិញជើងមាន់ទាំង ៤កុងតឺន័រនេះ គ្មានឯកសារនាំចូលត្រឹមត្រូវ និងទំនិញទាំងនោះសុទ្ធសឹងតែធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែលទិញយកពិសារប្រចាំថ្ងៃ។

មិនទាន់អស់នោះទេ, ព័ត៌មានពីព្រំដែនបាវិតដែលត្រូវបានគេចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចនិងអាជ្ញាធរខេត្តស្វាយរៀង​ស្ទាក់ចាប់បានជង្គង់មាន់បង្កក​៤​កុងតឺន័រ ទម្ងន់ជាង​១០០​តោន​យកទៅដុតបំផ្លាញចោលឈ្មួញទុច្ចរិតមិនបានដកថយទេ។ ផ្ទុយទៅវិញ​ម្សិលម៉ិញឈ្មួញនាំជង្គង់មាន់បង្កកនេះ​ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យខាងវៀតណាមមកនៅ​ចំណុចស​ព្រំដែន​កម្ពុជា-វៀតណាម​បាវិតចំនួន៥កុងតឺន័រ ​និងនៅសល់​៤កុងតឺន័រ ទៀតស្ថិតនៅក្នុងទឹកដីវៀតណាមនៅឡេីយ។

ប្រភពដដែលបានឲ្យដឹងទៀតថា ឈ្មួញកំពុងរត់ការ​សុំការនាំចូលជាថ្មី​ប៉ុន្តែរហូតមកដល់ពេលនេះ​មិនទាន់មានពន្លឺពីមន្ត្រីពាក់ព័ន្ធខាងកម្ពុជាថាគួរឲ្យចូលទៀតឬអត់ទេ? យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមសង្ឃឹមថា មន្ត្រីគយ​និងសមត្ថកិច្ចពាក់ព័ន្ធនៅព្រំដែន​មិនធ្វេសប្រហែសអោយកេីតមានកំហុសជាលេីកទី២នោះទេ។ ការបណ្តែតបណ្តាយឲ្យឈ្មួញទុច្ចរិតនាំចូលសត្វបង្កកគ្មានគុណភាព អាចនិយាយបានថា ជាឃាតករមួយរូប ដែលសម្លាប់ប្រជាពលរដ្ឋខ្លួនឯង។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាក់ឲ្យរឹតបន្តឹងការនាំចូលទំនិញតាមច្រកព្រំដែន។​ទំនិញនាំចូល ដែលសម្តេចធិបតីបានណែនាំទៅកាន់មន្ត្រីពាក់ព័ន្ធពង្រឹងឲ្យបានម៉ត់ចត់លើការនាំចូលនូវចំណីអាហារ ដែលខូចគុណភាពប៉ះពាល់ដល់សុខភាព និងត្រូវកំណត់ទ្វារព្រំដែនកំណត់ច្រកទ្វារព្រំដែន​ដែលអនុញ្ញាតឲ្យមានការនាំចូលសាច់ជ្រូក​បង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងទប់ស្កាត់ការនាំចូលខុសច្បាប់ក្នុងរូបភាពផ្សេងៗ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។ ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទ៖​អក្ខរា