លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានប្តេជ្ញាថា នឹងជួយកម្ពុជាក្នុងការរៀបចំគន្លឹះអភិវឌ្ឍន៍នានា សំដៅស្វែងរកសក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជាក្នុងការវិនិយោគបន្ថែមទៀត។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ជាមួយ ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល កាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
នាឱកាសននោះ លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានថ្លែងការអបអរសាទរជូនចំពោះលោក ស៊ុន ចាន់ថុល ដែលបានទទួលទំនុកចិត្តពីរាជរដ្ឋាភិបាល ទទួលភារកិច្ចទាក់ទាញវិនិយោគិនចូលមកកម្ពុជាបន្ថែមទៀត។
បន្ថែមពីនេះ លោកស្រីក៏បានបង្ហាញជំហរខ្ពស់ សន្យាយកចិត្តទុកដាក់ ជួយកម្ពុជាក្នុងការរៀបចំគន្លឹះអភិវឌ្ឍន៍នានា សំដៅស្វែងរកសក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជាក្នុងការវិនិយោគ ដើម្បីបង្ហាញជូនបណ្ដាវិនិយោគិននៅលើពិភពលោក អាចស្វែងយល់អំពីកម្ពុជាឱ្យបានកាន់តែប្រសើរ។
ជាការឆ្លើយតបវិញ លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណជូនចំពោះកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក មានជាអាថិ៍ការគាំទ្រជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា តាមរយៈការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមករាជរដ្ឋាភិបាល។
ដោយលោកបានបន្តថា៖« កន្លងមក UNDP បានជួយកម្ពុជា ដូចជាការអនុវត្តស្របទៅតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកការប្រើប្រាស់ថាមពលស្អាតឱ្យបានប្រមាណ៧០% នៃថាមពលសរុបត្រឹមឆ្នាំ២០៣០ និងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដាក់ចេញដោយអង្គការសហប្រជាជាតិផងដែរ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានអះងអាងថា ការចូលរួមរបស់ UNDP ក្នុងការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមកកម្ពុជា ក៏ជាទឡ្ហីករសំខាន់មួយរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋឱ្យងាកមកសិក្សាលើការប្រើប្រាស់ប្រភេទយានយន្តអគ្គិសនីផងដែរ៕