ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត កម្ពុជា-ថៃ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។
ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងសកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និងវិបុលភាព៕
អត្ថបទ៖ អក្ខរា