សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ជាដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
សម្តេចធិបតី បានលើកឡើងលើបណ្តាញសង្គមផ្លូវការថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជន ហេីយមាគ៌ាដឹកនាំច្បាស់លាស់នេះ ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំនៃគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មការទូតអន្តរជាតិលើទឹកដីក្រៅព្រះរាជាណាចក្រកម្ពុជា ជាលើកទី១០ រួមមាន៖ ទី១-ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ទី២-ទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅសាធារណរដ្ឋប្រជាមានិតចិន ទី៣-ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ទី៤-ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ទី៥-ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ទី៦-ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ទី៧-ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទររំលឹកខួប ៥០ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទី៨-ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ខ្លូស្ទ័រ សហព័ន្ធស្វីស ទី៩- ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និង ទី១០-ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព ដែលផ្តល់ផលប្រយោជន៍ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ៕
អត្ថបទ៖ អក្ខរា