ជនសង្ស័យម្នាក់ទៀតហើយ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ករណីទិញ-លក់គណនីធនាគារ ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមតេឡេក្រាម ក្រោមរូបភាពវិនិយោគរយៈពេលខ្លី ចំណេញត្រលប់មកវិញច្រើន ។
យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា កម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ រហូតចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ត.ម.រ ភេទប្រុស ជាសហចារី ធ្វើការទិញ-លក់ គណនីធនាគារ យកទៅឱ្យបក្ខពួក ក្នុងការប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះ គឺនៅមានជនសង្ស័យមួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឲ្យដឹងបន្តថា ការបង្ក្រាបនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ប្រធាននាយកដ្ឋាន បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើបទល្មើសឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយៈគណនីធនាគារនៅកម្ពុជា ។
មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ចាក់ថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ បច្ចុប្បន្នត្រូវបានចៅក្រម សម្រេចឃុំខ្លួនពីបទសមគំនិត ក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃ.ស ។
ពាក់ព័ន្ធករណីនេះដែរ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ឈ្មោះ ង.ស.ន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្ខពួក ។
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យរូបនេះ ក្រោយទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធ នឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម (Telegram) ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA ។ បច្ចុប្បន្ន ស្ត្រីសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ហើយ ។
សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ខ.ស.ភ ភេទប្រុស ជាសហចារី ធ្វើសកម្មភាពទទួលប្រាក់ឆបោកពីជនរងគ្រោះជាច្រើននាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ក្រោមរូបភាពវិនិយោគរយៈពេលខ្លី ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយៈ គណនីធនាគារ នៅកម្ពុជា ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ជនសង្ស័យ ត្រូវបានចៅក្រមឃុំខ្លួនពីបទឆបោក ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃ.ស ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពទទួល និងដកប្រាក់ដែលគ្មានប្រភពច្បាស់លាស់ និងប្រមូលទិញ-លក់ គណនីធនាគារ យកទៅឱ្យតតិយជន ដែលអំពើនេះ គឺជាបទល្មើសធ្វើឱ្យសាមីខ្លួន ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕