សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ គឺជាការបង្កើតនូវវប្បធម៌ម្ចាស់ការ

គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុង​រយៈពេលវែង។ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺជាកម្មវិធីមួយដែលបានដាក់ចេញ ដើម្បីត្រៀមរួចជាស្រេចក្នុង​ការអន្តរាគមន៍ គាំពារសង្គមដែលមានលក្ខណៈសមស្របឆ្លើយតប នឹងគ្រោះអាសន្នក្នុងពេលមានវិបត្តិ បន្ថែម​លើផែនការគ្រប់គ្រងគ្រោះមហន្តរាយ។ រាល់អន្តរាគមន៍គាំពារ ដែលនឹងដាក់ចេញក្រោមក្របខ័ណ្ឌនេះ សុទ្ធតែមានចរិតជាអន្តរាគមន៍មួយគ្រា ដើម្បីដោះស្រាយបញ្ហាក្នុងរយៈពេលកំណត់មួយជាក់លាក់ទៅតាមភូមិ​សាស្ត្រ ដែលរង​ផល​ប៉ះពាល់ ដោយកំណត់ច្បាស់នូវយុទ្ធសាស្ត្រចាកចេញសមស្របជាមុន។

ជាក់ស្តែង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារដែលជាជនរងគ្រោះ, និងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមចំនួន ៤ បញ្ចូលគ្នា រួមមាន៖ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូនជនមានពិការភាព, និង(៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង) ហើយបន្ថែមលើ​កម្មវិធីទាំង ៤ នេះ, កញ្ចប់គ្រួសារក៏មាន ការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ, និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារនឹងត្រូវចូល​មកជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ៕

អត្ថបទ៖ អក្ខរា