ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបំពេញបេសកកម្មនៅពន្ធនាគាររាជធានីភ្នំពេញ ពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមព្រះរាជក្រឹត្យដែលមាន៦ជំពូកនិង១៩ មាត្រាឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០២១ ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសចំពោះទណ្ឌិតត្រូវបានកំណត់៥ដងក្នុង ១ឆ្នាំ។ ពិធីបុណ្យទាំងនោះមានដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក។
ការបន្ធូរបន្ថយ និងការលើកលែងទោសអាចអនុវត្តចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌមួយចំនួនដូចជាភ្ញាក់រឭកខិតខំកែប្រែគំនិតមាយាទឱ្យក្លាយជាពលរដ្ឋសុចរិត។ គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារចូលរួមកម្មវិធីអប់រំកែប្រែ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគោរពបានយ៉ាងត្រឹមត្រូវតាមការណែនាំផ្សេងទៀតរបស់ពន្ធនាគារ។
ក្នុងមាត្រា ៦ បានចែងដែរថា ការបន្ធូរបន្ថយ និងលើកលែងទោសអាចអនុវត្តផងដែរក្នុងហេតុផលមនុស្សធម៌ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ស្ត្រីមានគភ៌ ឬមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាព ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។ ទណ្ឌិតដែលអាចទទួលបានការបន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោស១/៣ នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារ១ ជីវិត ទណ្ឌិតត្រូវទទួលរងទោស១០ឆ្នាំជាមុនសិន៕
អត្ថបទ៖ អក្ខរា