កាលពីសប្តាហ៍មុននេះ ព័ត៌មានថា លោក ជុន ច័ន្ទបុត្រ បានស្លាប់បាត់បង់ជីវិត បានល្បីសុះសាយ និងត្រូវបានចែកចាយយ៉ាងច្រើសន្លឹកសន្ធាប់នៅតាមបណ្តាញសង្គមហ្វេសប៊ុក។ ប្រជាពលរដ្ឋជាច្រើន ខ្លះបានសម្តែងការសប្បាយចិត្តដែលលោក ជុន ច័ន្ទបុត្រ ដែលពួកគេហៅថា ជាមេប៉ិនខាងប្រឌិតព័ត៌មាននោះ បានស្លាប់បាត់បង់ជីវិត។ ចំណែក ខ្លះទៀត បានលើកឡើងថា លោក ជុន ច័ន្ទបុត្រ បែបនេះ គឺដោយសារតែកម្មពារដែលលោកតែងតែផ្សាយរឿងមិនពិតពីស្រុកខ្មែរ ប្រឌិតព័ត៌មានគ្រប់បែបយ៉ាង ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស គឺទៅលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែម្តង។
យ៉ាងណាក៏ដោយ លោក ជុន ច័ន្ទបុត្រ មិនបានស្លាប់បាត់បង់ជីវិតដូចគេផ្សាយនោះទេ ដោយលោកបានបង្ហាញមុខនៅវិទ្យុអាស៊ីសេរីកាលពីចុងសប្តាហ៍មុន។ ប៉ុន្តែ ស្ថានភាពរបស់លោកមិនធូរស្រាលនោះឡើយ ដោយមុខរបស់លោកមានសភាពហើមប៉ោង ហើយមានស្នាមវះកាត់យ៉ាងវែងតាំងពីបំពង់ករផ្នែកខាងឆ្វេងរហូតដល់ទៅគល់ត្រចៀកខាងស្តាំ។ ស្ថានភាពសុខភាពរបស់លោកមិនស្រួលទេ បើទោះបីលោក ជុន ច័ន្ទបុត្រ ខំប្រឹងសើច ខំប្រឹងញញឹម ដើម្បីបង្ហាញថា លោកមានសុខភាពល្អធម្មតាក៏ដោយចុះ។
លោក ជុន ច័ន្ទបុត្រ កើតជំងឺមហារីកបំពង់ករ ដែលភាសាសាមញ្ញគេនិយមហៅថា ដុះសាច់នៅបំពងករ ហើយជាសាច់កាចថែមទៀត។ ជំងឺមហារីកបែបនេះ ទាមទារការព្យាបាល និងយកចិត្តទុកដាក់ថែទាំខ្ពស់បំផុត ព្រោះថា កម្រមានអ្នកជាសះស្បើយ និងគេចផុតពីសេចក្តីស្លាប់បានឡើយ បើកើតជំងឺមហារីកបែបនេះ។ យ៉ាងណាមិញ លោក ជុន ច័ន្ទបុត្រ ក៏ដូច្នេះដែរ ពោល គឺក្រុមគ្រូពេទ្យ កំពុងបន្តតាមដាននៅឡើយចំពោះសុខភាពរបស់លោក។
ត្បិតថា លោកមិនស្លាប់ដូចព័ត៌មានគេចុះផ្សាយ ប៉ុន្តែ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់សុខ សន្តិភាព និងជាអ្នកជាតិនិយមម្នាក់ ខ្ញុំសូមផ្តាំទៅលោក ជុន ច័ន្ទបុត្រ តាមរយៈអត្ថបទមួយនេះថា សូមលោកកុំរស់ឲ្យគេស្អប់ កុំងាប់ឲ្យគេអរ ឬអាចនិយាយមួយបែបទៀតថា សូមរស់នៅឲ្យគេស្រឡាញ់ ចាកចេញឲ្យគេស្រណោះ។ ខ្ញុំ ក៏ដូចជា រូបលោក គឺមិនមែនមានជីវិតអមតៈទេ អាស្រ័យហេតុដូច្នេះហើយ ពេលនៅមានជីវិតរស់នៅ សូមរស់នៅឱ្យបានល្អ រស់នៅឱ្យមានតម្លៃ ហើយតម្លៃសំខាន់បំផុតក្នុងជីវិត គឺចូលរួមជួយជាតិ ជួយកសាង អភិវឌ្ឍប្រទេសជាតិ និងប្រជាជនកម្ពុជា។ សូមកុំរស់ ដើម្បីតែរស់ រស់ ដើម្បីបម្រើ និងធ្វើជាកញ្ចះបរទេសអី សូមគិតឡើងវិញ ហើយចូលរួមជួយដល់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យចម្រើនជាតិ និងប្រជាជនរបស់យើង។
លោក ជុន ច័ន្ទបុត្រ មានឈ្មោះពិតថា ហួត ឃីនវុទ្ធី ហើយធ្លាប់មានរឿងអាស្រូវកិបកេងលុយនៅក្នុងវិទ្យុអាស៊ីសេរី និងត្រូវបានគេបណ្តេញចេញម្តងរួចមកហើយនាពេលកន្លងមក។ លោក ជុន ច័ន្ទបុត្រ ត្រូវបានបក្ខពួកខ្លួនអួតថា ជាអ្នកពូកែសម្ភាស ដោយសួរសំណួរស៊ីជម្រៅ និងចាក់ដោតចំពោះវាគ្មិនរបស់ខ្លួន។ ប៉ុន្តែ សំណួរចាក់ដោតទាំងនោះ គឺលោកតាំងសម្រាប់តែមន្រ្តីរាជរដ្ឋាភិបាល និងអ្នកដែលមាននិន្នាការកណ្តាលនិយមតែប៉ុណ្ណោះ។ រីឯ សម្រាប់ក្រុមអតីតបក្សប្រឆាំង ឬក្រុមអ្នកនយោបាយប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលដែលជាគ្នីគ្នា និងបក្ខពួករបស់លោកវិញ គឺលោកតាំងសំណួរណាដែលអាចឱ្យពួកគេទាំងនោះ ឆ្លើយបានយ៉ាងងាយស្រួល និងជួយហុចដងដល់ពួកគេទាំងនោះ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាថែមទៀត។ ពេលខ្លះ រូបលោកផ្ទាល់ដែលជាអ្នកសម្របសម្រួល ក៏បានភ្លេចខ្លួន ហើយក៏បានដើរតួជាវាគ្មិននៃក្រុមប្រឆាំង មកវាយប្រហារលើមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបទសម្ភាសកន្លងមកក៏មានដែរ។
កាលនៅក្នុងប្រទេសកម្ពុជា លោក ជុន ច័ន្ទបុត្រ ត្រូវបានគេដឹងសឹងតែគ្រប់គ្នាថា លោកមានការទាក់ទងយ៉ាងស៊ីជម្រៅជាមួយមេដឹកនាំអតីតគណបក្សប្រឆាំងដែលកាលណោះមាន ទណ្ឌិត សម រង្ស៊ី កឹម សុខា និងមន្រ្តីជាន់ខ្ពស់ដទៃៗទៀត។ កន្លងមក លោកត្រូវបានគេទម្លាយឱ្យដឹងថា មូលហេតុដែលលោកដឹកនាំកូនចៅ អាម៉ីអាថោង ដែលដើរតាមតោងកន្ទុយរបស់លោកផ្សព្វផ្សាព័ត៌មានមិនពិតវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជានោះ គឺជាថ្នូរជាមួយនឹងអតីតគណបក្សប្រឆាំង។ ពោល គឺថា បើសិនគណបក្សប្រឆាំង អាចជាប់ឆ្នោតដែលជារឿងស្រមើស្រមៃដ៏រវើរវាយនោះ អតីតគណបក្សប្រឆាំង នឹងប្រគល់ដំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មានដល់រូបលោក។ ព្រោះតែមហិច្ឆតា និងក្តីស្រមៃដ៏ឆ្កួតលីលានេះ លោក ជុន ច័ន្ទបុត្រ ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ទាំងដឹងថា រឿងទាំងនោះ វាផ្តល់ផលអាក្រក់ដល់ប្រទេសជាតិ និងប្រជាជនក៏ដោយ។
រឿងលោក ជុន ច័ន្ទបុត្រ ជាខ្សែរយៈរបស់ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនេះ បានលេចរូបរាងកាន់តែច្បាស់មែនទែននៅក្នុងអំឡុងឆ្នាំ២០១៧។ គឺនៅពេលនោះ លោក ជុន ច័ន្ទបុត្រ បានបន្លំខ្លួនលួចចូលពន្ធនាគារព្រៃសជាមួយលោកស្រី មូរ សុខហួរ និងលោក ឡុង រី ដើម្បីសួរសុខទុក្ខសកម្មជនអតីតបក្សប្រឆាំងទចំនួន១៦នាក់កំពុងជាប់ឃុំនៅទីនោះ។ លោក ជុន ច័ន្ទបុត្រ បានបន្លំខ្លួនជាជំនួយការរបស់លោកស្រី មួរ សុខសួរ ដើម្បីបានចូលក្នុងពន្ធនាគារ។ ទង្វើនេះ ត្រូវបានអាជ្ញាធរ និងតុលាការកម្ពុជា ចាត់ទុកជាបទល្មើសដែលត្រូវផ្ទន្ទាទោសទៅតាមច្បាប់។ មិនខុសពីបក្ខពួកដែលជាមេដឹកនាំ និងមន្រ្តីអតីតបក្សប្រឆាំងដែរ គឺលោក ជុន ច័ន្ទបុត្រ បានលបលួចរត់ចោលស្រុកទៅបាត់ស្ងាត់ដំណឹង ដើម្បីគេសវេសពីការទទួលខុសត្រូវលើបទល្មើសរបស់ខ្លួន៕
ដោយ៖ ជម្ពូនុទ