រដ្ឋបាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ របដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មាន និងការប្រឌិតព័ត៌មានដែលគេហទំព័រ (Page) បណ្តាញសង្គម ឌឺខាំបូរឌាដេលីខ្មែរ (The Cambodia Daily Khmer) បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចោទថា៖ រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែ និងថាមពល កំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់ រយហិកតាសព្វថ្ងៃនេះ ដោយការឃុបខិតគ្នាជាមួយអាជ្ញាធរខេត្តជាប្រព័ន្ធ។
រដ្ឋបាលស្រុកកណ្ដៀង បញ្ជាក់ថា ផ្ទុយទៅវិញ អាជ្ញាធរស្រុក សូមធ្វើការធានាអះអាងថា ឯកឧត្តមរដ្ឋមន្តី ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ។ ប្រជាជនក្នុងមូលដ្ឋានស្រុកកណ្តៀងទាំងមូល និងនិយាយ ដោយឡែកប្រជាជនក្នុងឃុំកញ្ញ មានការគោរព ស្រឡាញ់ និងគាំទ្រយ៉ាងពេញទំហឹង នូវការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលឯកឧត្តម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀងនាពេលកន្លងមក។ ម៉្យាងទៀត ឯកឧត្តម តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា អភិរក្សធនធានធម្មជាតិ ដោយពុំអនុញ្ញាតឱ្យជនខិលខូចណា ឆ្លៀតឱកាសក្នុងការរុករានទន្ទ្រានដីតំបន់៣ខុសច្បាប់ឡើយ និងគិតគូរពីសុខទុក្ខ លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ព្រមទាំងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ។
រដ្ឋបាលស្រុកកណ្ដៀង ស្នើដល់អង្គភាពជំនាញពាក់ព័ន្ធ បើកការស៊ើបអង្គេត ស្រាវជ្រាវ ស្វែងរកមុខជនល្មើស រួមទាំងបក្ខពួក និងមេខ្លោង យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីជៀសវាងការភ័ន្តច្រឡំ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់លើការដឹកនាំ និងកិត្តិយស ដល់ថ្នាក់ដឹកនាំខេត្ត ពិសេសសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមរដ្ឋមន្ត្រី។ ទន្ទឹមនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីជៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់ជំនាញ និង អាចប្រឈមមុខចំពោះផ្លូវច្បាប់។
ដោយឡែក នៅថ្ងៃដដែលនេះដែរ រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងដល់សាធារណជនថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ: មាន Facebook Page ដែលមានឈ្មោះ The Cambodia Daily Khmer បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “ប្រធាន អង្គការក្រៅរដ្ឋាភិបាលមួយរូប និងពលរដ្ឋជាច្រើនគ្រួសារ រងនូវការរំលោភបំពានសិទ្ធិលំនៅឋានពី សំណាក់អាជ្ញាធរខេត្តស្វាយរៀង »។
ឆ្លើយតបនឹងការចុះផ្សាយខាងលើ រដ្ឋបាលខេត្តស្វាយរៀង បានចាត់ឱ្យអាជ្ញាធរដែនដី និង សមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ជាលទ្ធផល រដ្ឋបាលខេត្ត សូម ធ្វើការច្រានចោលចំពោះការចុះផ្សាយរបស់ Facebook Page ដែលមានឈ្មោះ The Cambodia Daily Khmer និងការលើកឡើងរបស់ឈ្មោះ ព្រំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាព ពលរដ្ឋខេត្តស្វាយរៀង (CDPLA) ដែលផ្តល់បទសម្ភាសដល់ក្រុមការងារ The Cambodia Daily Khmer ដែលការចេញផ្សាយអត្ថបទព័ត៌មាននេះ ជារឿងមិនពិត គ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ ជាពិសេសមិនមានការស្នើសុំបញ្ជាក់បំភ្លឺ ពីអាជ្ញាធរដែនដីពាក់ព័ន្ធនោះឡើយ៕
អត្ថបទ៖ អក្ខរា