ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តផលិតក្នុងស្រុក និងដាក់ឈ្មោះម៉ាកម៉ូដែលជាសំនៀងភាសាខ្មែរ

ឯកឧត្តមពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្តក្រុមហ៊ុន GTV Motor Co.,Ltd ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួង-ស្ថាប័នសាធារណៈ វិស័យឯកជន ថ្នាក់ជាតិ និងភ្ញៀវកិត្តិយសអន្តរជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ បានឲ្យដឹងថា ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់ដែលក្រុមហ៊ុនបានបង្កើតនូវសមិទ្ធផលថ្មីសម្រាប់ជាតិ ដោយបានកំណត់ដាក់ឈ្មោះម៉ាកម៉ូដែលរថយន្តរបស់ក្រុមហ៊ុនជាសំនៀងភាសាខ្មែរ និងជួយបង្កើនទីផ្សារការងារដល់ប្រជាពលរដ្ឋ និងតម្លៃយានយន្តកាន់តែល្អប្រសើរជាងមុន ដែលអាចឱ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់រថយន្តថ្មីបាន។

បើតាក្រសួងសាធារណការ, ការបង្កើតឱ្យមានរោងចក្រផលិត និងផ្គុំដំឡើងយានយន្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានប្រែក្លាយកម្ពុជាពីប្រទេសនាំចូល និងប្រើប្រាស់យានយន្តទៅជាប្រទេសឧស្សាហកម្មយានយន្ត ដូចបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ម៉្យាងវិញទៀត រោងចក្រផលិត និងផ្គុំដំឡើងយានយន្ត បានដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងជួយជំរុញដល់វិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក៕