ថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល។
ចំពោះករណីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា សេចក្តីបំភ្លឺបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។
ក្រសួងបញ្ជាក់ថា កន្លងមកដោយមានសំណូមពរពីមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សក្នុងការបំពាក់ កង្ហារ បន្ទប់ម៉ាស៊ីនត្រជាក់ បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ ការបង្រៀនបែបឌីជីថល ការរៀបចំបរិស្ថាន បៃតង និងលើកកម្ពស់អនាម័យផាសុកភាពនៅសាលារៀន ធ្វើឱ្យចំណាយលើការបង់ថ្លៃអគ្គិសនី ទឹក និងសំរាម មានការកើនឡើង ដែលនាំឱ្យថវិកាដំណើរការសាលារៀនមិនអាចទ្រទ្រង់ទំហំចំណាយនេះរួច
ដែលជាមូលហេតុនៃការសម្រេចរបស់គណៈកម្មការគ្រប់គ្រងសាលារៀន ក្នុងការស្វែងរកថវិកាបន្ថែមពី សប្បុរសជន និងការចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តពីមាតាបិតា អ្នកអាណាព្យាបាល។
បើតាមក្រសួងអប់រំ គ្រឹះស្ថានសិក្សាសាធារណៈទទួលបាន មូលនិធិដំណើរការសាលារៀនប្រចាំឆ្នាំជាមធ្យម ១៦លានរៀល សម្រាប់ដំណើរការរដ្ឋបាលសាលារៀន និងគាំទ្រការរៀន និងបង្រៀន។ ជាក់ស្តែងផ្អែកតាមសំណូមពរ មាតាបិតា និងតម្រូវការខាងលើធ្វើឱ្យចំណាយទៅលើថ្លៃទឹក ភ្លើង និងសំរាមកើនឡើងពី៥ ទៅ១០ដង នៃទំហំថវិកាដែលសាលារៀនបានទទួលពីរដ្ឋសម្រាប់ចំណាយខាងលើ។
គោរពតាមគោលការណ៍ណែនាំពីក្រសួង ទៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានដាក់ចេញនូវ វិធានការយ៉ាងតឹងរ៉ឹងក្នុងការទប់ស្កាត់បាតុភាពមិនប្រក្រតី នៃការប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលដោយបានធ្វើការណែនាំដូចជា៖ ក្នុងការអនុវត្តភាពជាដៃគូរដ្ឋ និងសហគមន៍ក្នុងវិស័យអប់រំ មុននឹងកៀរគរថវិកាអ្វីមួយ គឺ តម្រូវឱ្យ មានការប្រជុំ ពិភាក្សា ឯកភាពពីគណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា និងអ្នកអាណាព្យាបាល សិស្សយ៉ាងតិចសម្លេងគាំទ្រឱ្យបានលើសពី ៨០% ទើបអាចចាត់ទុកជាផ្លូវការ ដោយមានកំណត់ហេតុ ច្បាស់លាស់ទុកទៅទីចាត់ការសាលារៀន។ ថវិកាទាំងអស់ដែលទទួលបានស្ថិតក្រោមការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយតម្លាភាព តាមរយៈការសម្រេចពីគណៈកម្មការគ្រប់គ្រងសាលារៀន ក្នុងគោលដៅកែលម្អលទ្ធផលសិស្សានុសិស្ស។
ចំពោះគ្រួសារសិស្សដែលពុំមានលទ្ធភាព ត្រូវបានលើកលែងពីការចូលរួមបដិភាគគ្រប់ប្រភេទ ក្នុងការគាំទ្រដល់ដំណើរការកែលម្អការរៀន និងបង្រៀន។
៧. ក្រសួងបាននិងកំពុងអនុវត្តនូវអធិការកិច្ចនៅតាមគ្រឹះស្ថានសិក្សា ដើម្បីពង្រឹងដល់ដំណើរការ អភិបាលកិច្ចសាលារៀន និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាដំណើរការសាលា ដែលរួម មានថវិកាទទួលបានពីរដ្ឋ និងការចូលរួមពីសប្បុរសជន មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ប្រកបដោយតម្លាភាព និងគណនេយ្យភាពឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការផ្លាស់ប្តូរ វប្បធម៌សាលារៀន ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់ បុគ្គលិកអប់រំ និងសិស្សានុសិស្ស៕
អត្ថបទ៖ អក្ខរា