សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីសម្តេច បានដួលក្នុងបន្ទប់បណ្តាលឱ្យប៉ះពាល់ដល់ក្បាលដែលត្រូវការការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដែលនេះ បង្ហាញយ៉ាងច្បាស់ពីការជឿទុកចិត្តលើសមត្ថភាពក្រុមគ្រូពេទ្យរបស់កម្ពុជា។
ដំណឹងនៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត្ររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះ ត្រូវបានបញ្ជាក់ឱ្យដឹងដោយសម្តេចតេជោ ហ៊ុន សែន ទាំងនៅលើទំព័រហ្វេសប៊ុក និងតេឡេក្រាមរបស់សម្តេចនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញដំណឹងនេះ ដើម្បីប្រាប់ទៅក្រុមប្រឆាំងកុំឱ្យចេះតែបំពុលសង្គមដោយព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបែបនេះថា៖ «២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំងនិងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»៕
ការសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្ររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះ គឺបានបិទមាត់ក្រុមប្រឆាំងដែលតាំងតែងតែអួតតែពីពេទ្យបរទេស បង្អាប់បង្អោនសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា។ ការចូលសម្រាកព្យាបាលនេះ គឺជាការទាត់ចោលរឿងមិនពិតដែលថាអ្នកធំនៅស្រុកខ្មែរ ឱ្យតែមានជំងឺ គឺរត់ទៅព្យាបាលនៅបរទេសទាំងអស់។ ប៉ុន្តែ នៅពេលនេះ មានឯណា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋខ្មែរ ហើយកំពុងតាមដាន និងព្យាបាលដោយក្រុមគ្រួសារជំនាញរបស់ខ្មែរទេតើ៕
ដោយ៖ ជម្ពូនុទ