សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរ កសិផលស្វាយចន្ទីរបស់កម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ពីអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤។
សន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤ នៅខេត្តសៀមរាប រៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានកិច្ចសហការពី ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Eventell Global Advisory Private Limited ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ធុរកិច្ចជនអន្តរជាតិមកពី ៤០ប្រទេសផងដែរ។ នេះជាព្រឹត្តិការណ៍លើកដំបូង និង មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទី ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាបង្កើតឱកាសដ៏មានតម្លៃ ដើម្បីពិភាក្សា ផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង បទពិសោធ និងឱកាសធុរកិច្ច ក្នុងវិស័យស្វាយចន្ទី។
ក្នុងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ នាសាលសន្និសីទសុខា ក្រុងសៀមរាប រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីកម្ពុជា បានកើនឡើងប្រមាណ ១៣២ភាគរយ ខណៈទិន្ផផល និងការនាំចេញ ក៏មានការកើនឡើងជាលំដាប់ ដែលធ្វើឱ្យស្វាយចន្ទី ក្លាយជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា ហើយឈរនៅលេខរៀងទី៣ ក្នុងពិភពលោក លើផ្នែកផលិតកម្មលទ្ធភាពដាំដុះ និងផ្ទៃដីដាំដុះដំណាំស្វាយចន្ទី៕
អត្ថបទ៖ អក្ខរា