សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅក្រុមបំពុលព័ត៌មាន បញ្ឈប់ការផ្សាយរឿងមិនពិតពីសុខភាពក្រុមគ្រួសាររបស់សម្តេចតទៅទៀត

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារប្រាប់ទៅក្រុមបំពុលសង្គមឲ្យបញ្ឈប់នូវការបំពុលព័ត៌មាន និងងាកមក ការពារសុខភាពខ្លួនឯងល្អជាងមកគិត ពីក្រុមគ្រួសាររបស់សម្តេច។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា «២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៍គ្មានការលាក់បាំងនិងក៍គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដលមន្ទីរពេទ្យ។សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាស់នេះក៍សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាននិងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងាកមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»៕