សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមាន្រ្តី បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅខេត្តព្រះសីហនុ បង្ហាញពីអគារខ្ពស់ៗកំពុងឈរព្រោងព្រាត ខណៈដែលអគារជាប់គាំងមួយចំនួនរដ្ឋាភិបាលកម្ពុជា ដាក់ផែនការជំរុញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងទាំងនោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី លើទំព័រហ្វេសប៊ុកបានឱ្យដឹងថា ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា ដែលមានលក្ខខណ្ឌសមស្របក្នុងការវិនិយោគលើគ្រប់វិស័យ ។ រាជរដ្ឋាភិបាលបានយកចិត្តដាក់ខ្ពស់លើខេត្តព្រះសីហនុ ក្នុងគោលបំណងជំរុញបន្ថែមនូវការអភិវឌ្ឍដ៏លឿន និងឆាប់រហ័សរបស់ខេត្ត ក៏ដូចជាទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតមកកាន់ខេត្តឱ្យបានកាន់តែច្រើន ។ ខេត្តព្រះសីហនុ បាន និងកំពុងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ ពិសេស កំពង់ផែទឹកជ្រៅ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ធ្នូ ២០២៣ សម្រាប់ជំរុញលើវិស័យឡូជីស្ទីកនៅកម្ពុជា។
សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កាលពីថ្ងៃទី២៤ សីហា ២០២៣ ដោយក្នុងបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនការប្រកួតប្រជែង ដែលកិច្ចការអាទិភាពទី៤ គឺផ្តោតលើការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក ដើម្បីគាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជន។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរឱ្យថែរក្សាសន្តិសុខឱ្យបានល្អនៅខេត្តព្រះសីហនុ ព្រោះកត្តាសន្តិសុខនេះ មានសារសំខាន់ណាស់ក្នុងការទាក់ទាញទេសចរ។ សម្តេចថ្លែងថា កិច្ចការងារនេះ គឺធំដែលអាចឱ្យយើង សម្រេចបាននូវចីរភាពទាញសក្ដានុពលនៃការីកចម្រើនពហុវិស័យ។កិច្ចការធំបំផុត គឺបញ្ហាគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចនឹងដឹកនាំផ្ទាល់ ដើម្បីធ្វើយុទ្ធនាការជ្រុងសន្ដិសុខមួយនៅខេត្តព្រះសីហនុ។
-សម្តេចធិបតី បញ្ជាក់ថា កម្ពុជាកសាងជិត២០ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាព ឱ្យទេសចរមកទស្សនអង្គរវត្ត ទស្សនាកម្ពុជា ប៉ុន្ដែបច្ចុប្បន្ន មានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែពីរឬបី បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា៕