សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យផ្សព្វផ្សាយពីស្ថានភាពការពិតសន្តិសុខនៅកម្ពុជា ដើម្បីលុបលាងការយល់ច្រឡំរបស់មតិសាធារណៈ ខណៈកន្លងទៅមានសារព័ត៌មានក្រៅប្រទេសបានផ្សព្វផ្សាយខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់កិត្យានុភាពកម្ពុជា។
សម្តេចធិបតីបានថ្លែងថា កន្លងទៅ ជាអកុសលមានបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានបានផ្សាយដែលមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជាទេ។ ប៉ុន្តែព័ត៌មាននោះបានធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់កម្ពុជា រូបភាពរបស់កម្ពុជា ហើយជាពិសេសខេត្តព្រះសីហនុតែម្តង។
បើតាមសម្តេចធិបតី កិច្ចការងារនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានដាក់ចេញគោលការណ៍ជាច្រើន និងបានធ្វើការជាមួយបណ្តាញសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយប្រទេសយើង ឲ្យគេយល់ថា ពិតណាស់បញ្ហាអសន្តិសុខគ្មានប្រទេសណាមួយអត់នោះទេ ហើយកម្ពុជាក៏មានដែរបញ្ហាអសកម្ម ឬរឿងចោរលួចចោរប្លន់។ ប៉ុន្តែកម្ពុជា គឺជាប្រទេសមួយដែលមានសន្តិសុខល្អ អញ្ចឹងធ្វើយ៉ាងមិចដើម្បីឲ្យស្ថានភាពជាក់ស្តែងនេះបានជ្រួតជ្រាប និងលុបលាងការយល់ច្រឡំនូវអ្វីដែលជាការយល់ច្រឡំរបស់មតិសាធារណៈ ហើយនេះជាកិច្ចការដែលយើងបានធ្វើ និងកំពុងធ្វើតទៅទៀត ក្នុងនោះតាមរយៈការទាក់ទាញវិនិយោគឲ្យច្រើន និងទេសចរណ៍ឲ្យច្រើន។
យ៉ាងណាមិញ ក្នុងពេលជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីឲ្យគិតពីស្ថានភាពជាក់ស្តែង ដូចជាគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនេះជាគោលដៅធំ និងអាទិភាពសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុនេះ ត្រូវតែចាត់វិធានការថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សង្គមនេះឲ្យបាន។
សម្តេចធិបតីបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ អក្ខរា