នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅ « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃពុធ ទី៣១ ខែមករានេះ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដាច់ខាតមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ និងបញ្ជាអោយចេញសេចក្ដីជូនដំណឹង ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី មិនឲ្យអនុញ្ញាតបើកក្លឹបបាញ់ស៊ីបឯកជននៅក្នុងប្រទេសកម្ពុជា បន្តទៀតឡើយ។
សម្តេចធិបតីមានប្រសាសន៍ថា បិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជន ពីរកន្លែងនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើងក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះទេ។
សម្ដេចធិបតីបញ្ជាក់ថា កាលពីថ្ងៃទី៣០ម្សិលមិញ សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយឱ្យបញ្ឈប់ការបើកថ្មីចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬបាញ់ស៊ីបនេះ៕