WFP ចុះហត្ថលេខាគាំទ្រផែនការយុទ្ធសាស្ត្រកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ៦៣លានដុល្លារ

លោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ឃ្លរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (World Food Program- WFP) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ក្រសួងការបរទេស បានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ មានទឹកប្រាក់ចំនួន ៦៣.៣៧៨.៥០០ ដុល្លារអាមេរិក នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការផ្តល់ប្រឹក្សាគោលនយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុង គោលបំណងលើកកម្ពស់របបអាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងទាំងនោះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា។

បើតាមក្រសួងការបរទេស ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោកបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀង និងអោយសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

អត្ថបទ៖ អក្ខរា