សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ សន្យាទប់ស្កាត់ការទន្រ្ទានដីតំបន់៣ ឲ្យខានតែបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ សន្យាទប់ស្កាត់ការទន្រ្ទានដីតំបន់៣ ឲ្យខានតែបាន។ ទន្ទឹមនឹងនេះ សម្តេចបានប្រកាសដល់អ្នកដែលមានបំណងចង់ទន្រា្ទនកាន់កាប់ដីតំបន់៣​ នៃ​បឹងទន្លេសាប​សូមដកខ្លួនចេញ មុននឹងអាជ្ញាធរអនុវត្តច្បាប់។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតីបានគូសបញ្ជាក់ថា រាជដ្ឋាភិបាលប្តេជ្ញាធ្វើឲ្យបាន និងការពារឲ្យបាន។ សម្តេចក៏បានណែនាំដល់រដ្ឋមមន្ត្រីក្រសួងរៀបចំដែនដី ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តទាំង៦ រួមគ្នាជាធ្លុងមួយ ដើម្បីការពារបឹងទន្លេសាប ដែលជាផលប្រយោជន៍របស់ជាតិ។

សូមបញ្ជាក់ថា​តំបន់ទន្លេសាប​គឺមាននៅខេត្តកំពង់ឆ្នាំង​ពោធិ៍សាត់​កំពង់ធំ​ សៀមរាប​បាត់ដំបង និងបន្ទាយមានជ័យ។​ផ្ទៃដី និងព្រៃលិចទឹកជុំវិញតំបន់ទន្លេសាបនេះ​ត្រូវបានចែកចេញជា៣តំបន់​ក្នុងនោះតំបន់ទី១​ ជាតំបន់ដែលពលរដ្ឋកំពុងរស់នៅអាស្រ័យកាន់កាប់ជាកម្មសិទ្ធស្របច្បាប់,​តំបន់ទី២​ គឺពលរដ្ឋអាចអាស្រ័យផលបាន​តែគ្មានសិទ្ធិជាម្ចាស់កម្មសិទ្ធិនោះឡើយ។​ ដោយឡែក​តំបន់៣​ គឺជាតំបន់ព្រៃលិចទឹក​ដែលរដ្ឋគ្រប់គ្រង​ និងហាមឃាត់​ដាច់ខាតមិនឱ្យមានការរំលោភបំពាន។​

តែយ៉ាងណា យោងតាមសៀវភៅរាជកិច្ចលេខ​៤៧​ ទំព័រលេខ​៥៨៣៩​ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី​កាលពីថ្ងៃទី០២​ ខែតុលា ឆ្នាំ២០២៣​ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ​ចុះ​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០២៣​ ដោយសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំជាង​១​ ៣០០ហិកតា​ចេញពីតំបន់៣​ នៃបឹងទន្លេសាប​ស្ថិតក្នុងភូមិសាស្រ្ត​ស្រុកឯកភ្នំ​ ខេត្តបាត់​បង​ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ​និងផ្តល់ជូនជាកម្មសិទ្ធិ​ជូនប្រជាពលរដ្ឋជិត ​៣​ ០០០គ្រួសារ។​ការកែសម្រួលព្រំប្រទល់តំបន់ទន្លេសាបនេះ ​គឺផ្អែកលើការអភិរក្ស​និងការរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋជាប្រវត្តិសាស្ត្រ៕

អត្ថបទ៖ អក្ខរា