លោក Tom Panella ប្រធានក្រុមមូលធនធម្មជាតិ និងអាកាសធាតុនៃការិយាល័យកសិកម្ម ចំណីអាហារ ធម្មជាតិ និងការអភិវឌ្ឍជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ជំហរមុតមាំថា នឹងពិចារណាលើការផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ លោកបានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ពិភពលោកទាំងមូលបាននិងកំពុងប្រឈមចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កជាការឡើងកម្តៅនៃភពផែនដី ជាមួយគ្នានេះប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសងាយរងគ្រោះពីហានិភ័យនៃគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់នារដូវវស្សា គ្រោះរាំងស្ងួតនៅរដូវប្រាំង ខ្យល់ព្យុះនិងខ្យល់កន្រ្តាក់ជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងលើប្រព័ន្ធព្យាករណ៍ ប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាកិច្ចការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ពិចារណាក្នុងការពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងដំណើរការគម្រោងចំនួន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ទី១)គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(TAIP) និងទី២)គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC)។ ដោយឡែកគម្រោងដែលកំពុងសិក្សាមានចំនួនពីរគឺ ទី១)គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) និងទី២)គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR)៕