សម្ដេចបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆាល អេស យ៉ាង(Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល(UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម។
សម្តេចតេជា ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកបណ្ឌិត Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។
តាមរយៈជំនួបនោះដែរ សម្តេចតេជា ហ៊ុន សែន ក៏បានស្នើក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទីប្រាំ នៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេសការជួយដល់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវះដល់យុវជន១.៥ លាននាក់ រួមទាំងការគាំពារដល់ស្ត្រី ដែលជាតំរូវការចាំបាច់បំផុតមួយរបស់កម្ពុជា ក្នុងតំណាក់កាលថ្មី។
លោកបណ្ឌិត Charles Yang វាយតម្លៃខ្ពស់នូវគំរូវីរភាពក្នុងការដឹកនាំរដ្ឋ និងការកសាងប្រទេសរបស់សម្តេចតេជា ហ៊ុន សែន និងមានជំនឿមុតមាំថា នយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន អាចនឹងរួមចំណែដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅក្នុងតំបន់និងពិភពលោក ជាពិសេសផ្តល់ជាធាតុចូលដ៏សំខាន់មួយក្នុងការស្វះស្វែងសន្តិភាពនិងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។
កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ និងអង្គការសង្គមសុីវិលគឺបានផ្តល់នូវតម្លៃនៃការយោគយល់ និងការចែករំលែកបទពិសោធន៍ល្អៗ ដែលមានផលប្រយោជន៍ផ្ទាល់ដល់សង្គម និងប្រជាជនដែលស្រឡាញ់សន្តិភាព៕