ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ អញ្ជើញក្នុងពិធីភ្ជាប់ «ស្ពានអាកាសមរតកតេជោ» ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)។
ឯកឧត្តមមានប្រសាសន៍ថា ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។
ឯកឧត្ដម បន្តថា វិស្វករដែលបាននិងកំពុងសាងសង់ស្ពានអាកាស មរតកតេជោនេះ គឺជាវិស្វកររបស់ខ្មែរសុទ្ធសាធ ដែលបណ្ដុះបណ្ដាលនៅកម្ពុជារហូតក្លាយជាវិស្វករ ក្រោមការដឹកនាំប្រទេសរបស់សម្ដេចតេជោហ៊ុនសែន។ ពីមុនយើងពឹងគេលើជំនាញផ្សេងខ្លះប៉ុន្តែពេលនេះកូនខ្មែរយើងអាចធ្វើបានហើយ។ កម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេសខ្លួនឯងបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងក៏មិនបោះបង់ចោលនៅបច្ចេកទេសរបស់ពិភពលោកបានដែរ។ យើងនឹងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យកិច្ចការងារអភិវឌ្ឍន៍គំរោងផ្សេងៗរបស់ជាតិមានភាពរឹងមាំ ដើម្បីឧត្ដមប្រយោជន៍ជាតិយើង។
ស្ពានអាកាសទី៨នេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។
មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសមរតកតេជោ តភ្ជាប់មហាវិថីព្រះមុនីវង្ស និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ស្ពានអាកាសមេផ្នែកខាងលើ) សម្រេចបានលទ្ឋផល ៨០%។តាមផែនការស្ពានអាកាសមេផ្នែកខាងលើនេះ គ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០២៥។
ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជ ធានី ភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពាន អាកាសមួយកន្លែងទៀតស្ថិតនៅចំណុច ប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ហើយ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕
អត្ថបទ៖ អក្ខរា