ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ យាងនាំគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី និងសិស្សគណរបស់សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ មានចំនួន ១៤អង្គ/រូប យាង និមន្ត និងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ព្រះធម្មវនវាសី ចន្ទ មុនី បាននាំមកនូវដង្វាយជា រូបិយវត្ថុចំនួន ៤០លានរៀល អង្ករចំនួន២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធចំនួន៥ទង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាព សង្គមកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គឲ្យមានភាពខ្ពង់ខ្ពស់ជានិច្ច។
ក្នុងឪកាសនោះក៏មានការចូលរួមលោកស្រី កុយ ពិសី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕