កាន់តែយ៉ាប់មែនទែនហើយ! ភ្លើងទៀន មិនរលត់ ទើបចម្លែក បើផ្ទៃក្នុងឈ្លោះដណ្តើមតំណែងគ្នាមិនចេះចប់យ៉ាងនេះ

កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គណបក្សភ្លើងទៀន បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្តងទៀតហើយ គឺសាខាគណបក្សប្រចាំនៅខេត្តសៀមរាប បានឈ្លោះគ្នាបែកផ្សែង ព្រោះតែសេចក្តីសម្រេចតែងតាំងគណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី។ សមាជិកជាច្រើន មិនសប្បាយចិត្ត ក៏បានជួបជុំគ្នាទាមទារឱ្យលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លុបសេចក្តីសម្រេចតែងតាំងគណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មីនេះចោល។ ប៉ុន្តែ លោក ទាវ វណ្ណុល ដោះស្រាយមិនបាន ក៏រត់ឡើងឡានវិលមកភ្នំពេញវិញយ៉ាងទាន់ហន់។ បើយ៉ាងៗនេះ ភ្លើងទៀន មិនរលត់ ទើបចម្លែក។ 

នេះ មិនមែនជាលើកទី១ឡើយដែលសមាជិកផ្ទៃក្នុងគណបក្សភ្លើងទៀន បើកការឈ្លោះប្រកែកគ្នាយ៉ាងបែកផ្សែងបែបនេះ។ កន្លងមក គណបក្សកេរ្តិ៍របស់ទណ្ឌិតក្បត់ជាតិមួយនេះ មិនដែលចេះត្រូវរ៉ូវគ្នាម្តងណាឡើយ មានតែឈ្លោះដណ្តើមផលប្រយោជន៍ ដណ្តើមតំណែង តួនាទីគ្នាតែប៉ុណ្ណោះ។ សូម្បីតែអនុប្រធានគណបក្សនេះ គឺលោក រ៉ុង ឈុន ក៏រត់ចោលគណបក្សទៅនៅជាមួយគណបក្សថ្មីកម្លាំងជាតិផងដែរ ព្រោះតែមើលមិនឃើញពីអនាគតរបស់ខ្លួនជាមួយគណបក្សភ្លើងទៀន។ លោក រ៉ុង ឈុន ត្បិតថា ជាមនុស្សជំនិត និងស្មោះត្រង់ជាមួយទណ្ឌិត សម រង្ស៊ី ប៉ុន្តែ លោកមានភាពវៃឆ្លាត ចេះស្វែងរកទ្រនំថ្មី ចោលទ្រនំចាស់ដែលចោលម្សៀត គ្មានអនាគត។ 

ងាកមកនិយាយបញ្ហាគណបក្សភ្លើងទៀនឈ្មោះគ្នានៅខេត្តសៀមរាបវិញ! ការពិត គឺ អនុប្រតិបត្តិគណបក្សភ្លើងទៀនខេត្តសៀមរាប បានដឹកនាំក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក ជួបជុំនៅទីស្នាក់ការគណបក្សចាស់ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ហើយហែក្បួនទៅទីស្នាក់ការគណបក្សថ្មី នៅភូមិកក្រាញ់ សង្កាត់សៀមរាប ដើម្បីទាមទារឲ្យ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លុបសេចក្តីសម្រេចតែងតាំងគណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី។ ពួកគេមិនសុខចិត្តឡើយនឹងការតែងតាំងបែបនេះ ដែលពួកគេចាត់ទុកជាតែងតាំងបក្ខពួក មិនយុត្តិធម៌សោះសម្រាប់ពួកខ្លួន។ មិនតែប៉ុណ្ណោះទេ ក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក ក៏សួររកខុសត្រូវដល់លោក ទាវ វណ្ណុល រឿងលុបឈ្មោះសមាជិកភាពក្រុមប្រឹក្សាជាប់ឆ្នោតចំនួន៣រូប និងប្រធានក្រុមការងារស្រុកស្វាយលើ ខេត្តសៀមរាប ថែមទៀត។ 

រឿងគួរឱ្យចង់សើច និងហួសចិត្ត គឺលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន គ្មានពាក្យបកស្រាយណាដែលអាចទទួលយកបានសោះទៅក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារឃុំ-ស្រុករបស់គណបក្សភ្លើងទៀនប្រចាំនៅខេត្តសៀមរាប។ លោក ទាវ វណ្ណុល និងក្រុមបក្ខពួករបស់លោក បានបង្ហាញពីភាពអសមត្ថភាពទៅកាន់កូនចៅនៅថ្នាក់ក្រោម ហើយមិនតែប៉ុណ្ណឹងទេ លោក និងបក្ខពួក បានរត់ឡើងឡានត្រឡប់មករាជធានីភ្នំពេញវិញ ទាំងដែលក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក នៅបន្តតវ៉ាមិនឈប់។ 

ទាំងអស់នេះ បានសរបង្ហាញកាន់តែច្បាស់មែនទែនហើយថា អនាគតគណបក្សភ្លើងទៀនដែលជាកេរ្តិ៍របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី កំពុងស្ថិតនៅមាត់ជ្រោះ ហើយសមាជិករបស់ខ្លួនតែម្តងកំពុងរុញបន្តិចៗម្តងទម្លាក់ទៅក្នុងជ្រោះឱ្យស្លាប់តែហោង។ ភ្លើងទៀន ដែលទណ្ឌិត សម រង្ស៊ី បានដុតបំភ្លឺ ប្រហែលត្រូវពន្លត់ឱ្យរលត់ និងដុតកម្ទេចឱ្យរលាយទាំងដើមទៀនតែម្តងដោយស្នាដៃក្រុមថ្នាក់ដឹកនាំបច្ចុប្បន្នរបស់គណបក្សមួយនេះ។ ចង់ទៅចូលរួមប្រកួតប្រជែងស្អីនឹងកើតជាមួយគេ បើគ្រាន់តែផ្ទៃក្នុងខ្លួនឯង គ្រប់គ្រងមិនទាំងផងហ្នឹង!៕ 

ដោយ៖ ជម្ពូនុទ