ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC)ចូលរួមប្រកួតប្រជែងកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដែលជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោក Mizukoshi Takeharu ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុនដែលធ្វើឡើងនៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោកប្រធានក្រុមប្រឹក្សាភិបាលទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី និងជំរុញឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមាគមជប៉ុនពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការទទួលយកសិក្ខាកាមដើម្បីចុះកម្មសិក្សានៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទៅតាមការកំណត់របស់ច្បាប់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់។ ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងនេះ គឺជាប្រយោជន៍ទាំងវិស័យឯកជនដែលមានឱកាសក្នុងការសម្លឹងរកនិយោជិតដែលមានសក្តានុពល ទន្ទឹមនឹងនោះ ក៏ជាប្រយោជន៍ដែលសិក្ខាកាមដកស្រង់បទពិសោធន៍ជាក់ស្តែង ក៏ដូចជាឱកាសការងារផងដែរ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC) ពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់ក្រសួងនៅអាណត្តិទី៧នេះ ក្នុងការពង្រឹង និងពង្រីកកម្លាំងពលកម្មជំនាញសម្រាប់ទីផ្សារការងារបន្ថែមទៀតផងដែរ៕