ថ្ងៃទី២៥ ដល់២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំដំណើរបេសកកម្មចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួន នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC ។
បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៏មាន និងផ្តល់អនុសាសន៍ បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល ជាពិសេសគម្រោងកំណាត់ផ្លូវ ដំណាក់កាលទី១ ភ្នំពេញ – សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្មគម្រោង ពីក្រុមហ៊ុន។ ប្រតិភូបានណែនាំដល់ក្រុមហ៊ុនពិនិត្យឡើងវិញចំណុចច្រកចូលភ្នំពេញ ពីផ្លូវជាតិ៦ A ធ្វើយ៉ាងណាកំណត់ទីតាំងដែលមានផលប៉ះពាល់តិច និងមិនកកស្ទះចរាចរណ៍។ ប្រតិភូបានចុះពិនិត្យនៅចំណុចទីតាំងសាងសង់ចំណុចប្តូរទិសចរាចណ៍ ផងដែរ។
ដោយឡែកដំណាក់កាលទី២ កំណាត់ផ្លូវ សៀមរាប-ប៉ោយប៉ែត ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីពិនិ្យផ្តល់យោបល់លើកំណាត់ផ្លូវវាងក្រុង។ ប្រតិភូបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត បន្តផ្តល់ទិន្នន័យព័ត៏មានជាក់លាក់បន្ថែមទៀតដល់ក្រុមហ៊ុន ដើម្បីបំពញបន្ថែមការសិក្សា។
សូមជម្រាបជូនថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់សេចក្តីព្រាង គម្រោងសិក្សាសមិទ្ធិលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោង(FS ) អាច នឹងដាក់ជូនរាជរដ្ឋាភិបាលនាពេលនាដើមខែមិថុនា ឆ្នាំ២០២៤។
សម្រាប់ដំណាក់ទី២ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋាន ខែមីនា ២០២៤ និងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួង ពិនិត្យ កែសម្រួល ឈានទៅបញ្ចប់នៅខែឧសភា ២០២៤ខាងមុខ៕