ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រសួង-ស្ថាប័នចំនួន ០៣ រួមមាន ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ការប្រកាសទាំងស្រុង ១០០% នៃចំនួនបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤។
ដោយឡែក នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ព្រឹកមិញនេះ ក្រសួង-ស្ថាប័ន ចំនួន ០២ បន្ថែមទៀត រួមមាន ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រសួងរ៉ែ និងថាមពល ក៏បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនទាំងស្រុង ១០០ % ផងដែរ។
ចំពោះវឌ្ឍនភាពការងារ គិតពីថ្ងៃទី១ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២ ថ្ងៃត្រង់នេះ ក្រុមការងារនាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស បានចំនួន 17,882 រូប ស្មើនឹង 97.83% នៃចំនួនត្រូវប្រកាសសរុប 18,279 រូប។
សូមជម្រាបជូនថា អង្គភាពប្រឆាំងអំពើពុករលួយ រង់ចាំទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ និងមានរយៈពេលពេញមួយខែ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច៕