អន្តរក្រសួង ឯកភាពដាក់ចេញវិធានការរួម ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០​២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្នុងគោលបំណងពិភាក្សា និងដាក់ចេញវិធានការ និងយុទ្ធនាការរួមគ្នាដើម្បីទប់ស្កាត់អគ្គិភ័យនៅតាមរោងចក្រសហគ្រាស និងគ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងវិស័យឧស្សាហកម្មទេស​ចរណ៍។

ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក្រៅពីថ្នាក់ដឹកនាំក្រសួងការ​ងារ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងឡើងពីភាពចាំបាច់នៃកិច្ចសហការអន្តរស្ថាប័នរបស់ក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីគិតគូរបន្ថែមទៀតក្នុងការផ្តល់សុវត្ថិភាព និងការបង្ការគ្រោះអគ្គិភ័យដល់រោងចក្រសហគ្រាស និងគ្រឹះស្ថានអាជីវកម្មទាំងអស់ ដែលជាទីតាំងប្រតិបត្តិការអាជីវកម្មបែបប្រមូលផ្តុំ។

បន្ទាប់ពីបានពិភាក្សា និងលើកជាយោបល់ពីតំណាងក្រសួងពាក់ព័ន្ធនីមួយៗយ៉ាងផុលផុស កិច្ចប្រជុំ បានឯក​ភាព​ឱ្យបង្កើតជាសេចក្តីណែនាំរួមស្តីពី វិធានការអប់រំ បង្ការ និងទប់ស្កាត់ឱ្យបានជាអតិបរមានូវគ្រោះអគ្គិភ័យនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ដែលនេះគឺជាការគិតគូររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕