ជាប់ចិត្តកម្ពុជា! នាវា Westerdam នាំភ្ញៀវទេសចរជិត ២ពាន់មកម្តងទៀត

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុបានទទួលនាវាទេសចរណ៍ឈ្មោះ WESTERDAM ចូលចតនៅកំពង់​ផែ​ក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរចម្រុះសញ្ជាតិ សរុបប្រមាណ ១៨៧៣នាក់ និងនាវិកចំនួន ៧៧៦​នាក់​។ ភ្ញៀវទេសចរនាវានេះ នឹងទៅទស្សនាគោលដៅទេសចរណ៍នានានៅកម្ពុជា រួមមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារក្នុងខេត្ត​ព្រះសីហនុ រាជធានីភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺ ជាដើម។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ​នាវាទេសចរណ៍ WesterDam បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព​ កាលពីវេលាម៉ោង០៧​ និហ៤០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ។ កងកម្លាំងក្រុងព្រះសីហនុ បានចេញប្រតិបត្តិការល្បាតចល័ត និងឈរជើងតាមគោលដៅ ជួយសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

លោកមេបញ្ជាការបញ្ជាក់ថា នាវា Westerdam ដែលមានបណ្តោយ ២៨៥,២២ម៉ែត្រ ទទឹង ៣២,២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទី បន្តទៅប្រទេសថៃ។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាជាលើកទី២ បន្ទាប់ពីវិបត្តិកូវីដ១៩ ដោយបាននាំអ្នកទេសចរជាង ២ពាន់នាក់។ អំឡុងពេលវិបត្តិជំងឺកូវីដ១៩ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់​រាន​មានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។

តាមរយៈការចូលចត នាវានេះជាលើកទី៣ នៅដើមឆ្នាំ២០២៤នេះ ហើយត្រូវបានចែករំលែកនៅក្នុងប្រព័ន្ធផ្សព្វ​ផ្សាយ​​ជាតិ និងអន្តរជាតិ ដែលនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។ ការណ៍នេះ អាចនាំឱ្យមាន​ការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន នាពេលអនាគត៕

អត្ថបទ៖ អក្ខរា