ប្រធានគណ:កម្មការនៃក្រុមហ៊ុនវិនិយោគ CiC បានចេញលិខិត១ច្បាប់ផ្ញើជូនលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ខ្លួនមានការសោកស្តាយដែលមានព័ត៌មានផ្សព្វផ្សាយចោទថា លោក ព្រាប កុល បានពាក់ព័ន្ធនឹងការកិបកែងប្រាក់មូលនិធិចំនួន ៨០លានដុល្លាអាមេរិក ពីស្ថានប័នរបស់ខ្លួន។
នៅក្នុងលិខិតដដែលនោះ ប្រធានគណកម្មការនៃក្រុមហ៊ុន CiC បានបញ្ជាក់ថា លោក ព្រាប កុល មិនធ្លាប់មានតួរនាទីនៅក្នុងរចនាសម្ព័ន្ធ នៃគណៈគ្រប់គ្រង ឬក្រុមប្រឹក្សាភិបាលនៃស្ថាប័ន CiC នោះទេ ចាប់តាំងពីការបង្កើត CiC រហូតមកទល់ពេលនេះ ហើយឆ្លងតាមការពិនិត្យឯកសារ និងកំណត់ត្រានានា នឹងប្រតិបត្តិការហិរញវត្ថុ ក៏ពុំបានបង្ហាញថា មានចរន្តសាច់ប្រាក់បញ្ចេញពី CiC ទៅលោក ព្រាប កុល ដែរ។
ការបញ្ជាក់នេះធ្វើឡើងក្រោយមានការចុះផ្សាយដោយម្ចាស់គណនេយ្យក្លែងក្លាយឈ្មោះ Chivann Pen ដែលបានបង្ហោះសារបង្ខូចកេរ្តិ៍ឈ្មោះ ឯកឧត្តម ព្រាប កុល ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាល។ តាមប្រភពពត៌មានច្បាស់ការបានឱ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់។
ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានផ្ញើលិខិតទៅឧកញ្ញា សុខ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌាន ម៉ិនវេសស្ទ័រ យេភីថល ផាតនើរ ម.ក (CIC) ស្នើសុំការបំភ្លឺចំពោះករណីចោទមកលើរូបឯកឧត្តម ដែលមានការផ្សព្វផ្សាយជាសាធារណ:ថាបាន កឹប កង យក លុយមូលនិធិបស់ CiC ចំនួន ៨០លានដុល្លាអាមេរិក។
ក្នុងលិខិត ឯកឧត្តមសូមស្នើសុំការស្រាយបំភ្លឺពីលោកឧកញ្ញាប្រធានក្រុមប្រឹក្សាភិបាល CIC ទៅលើករណីចោទខាងលើនេះ ដែលបះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងសុវត្ថិភាពរបស់ខ្ញុំបាទ និងក្រុមគ្រួសារ ។ ជាក់ស្តែង លោកឧកញ្ញាផ្ទាល់ រួមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងគណ:គ្រប់គ្រងទាំងអស់ ក៏ដូចជាសមាជិកទាំងឡាយ របស់ CiC សុទ្ធតែបានដឹងថាខ្ញុំបាទពុំមានតួរនាទី ភារកិច្ច ឬសិទ្ធិអំណាចក្នុងកម្រិតណាមួយឡើយ នៅក្នុងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងចាត់ចែងស្ថាប័ន CIC ចាប់តាំងពីការបង្កើត CiC រហូតមកទល់ពេលនេះ។ ដូច្នេះ តើខ្ញុំអាចទៅកិបកេង ឬយក ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ ពីក្រុមហ៊ុន CiC ដោយរបៀបណា?។ ករណីនេះគឺមិនអាចទៅរួចទេ!
“លិខិតបញ្ជាក់ពីសំណាក់ក្រុមហ៊ុន Cic ដែលលោកឧកញ្ញាជាប្រធានក្រុមប្រឹក្សាភិបាលមានសារ:សំខាន់ក្នុងការ ស្រាយបំភ្លឺនិងបញ្ជាក់ពីការចោទ មួលបង្កាច់ បង្ហូចកេរ្តិ៍ឈ្មោះ ដែលមានលក្ខណ:បែបញុះញុងនេះ ដែលបង្កឲ្យមានផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងសុវត្ថិភាពរបស់ខ្ញុំ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងជួររាជរដ្ឋាភិបាល និងសុវត្ថិភាព ក្រុមគ្រួសារខ្ញុំ”។ នេះជាលើកឡើងបន្ថែមក្នុងលិខិតរបស់ឯកឧត្តម ព្រាប កុល៕
អត្ថបទ៖ អក្ខរា