ប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន៤ ស្នើស៊ីម៉ាក់ ជួយចែករំលែកបទពិសោធន៍ និងហ្វឹកហ្វឺនការងារបោសសម្អាតមីន

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Shinji YANAGAWA តំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA) ប្រចាំកម្ពុជា រួមជាមួយលោក Dahir Abdirahman Abdulle អគ្គនាយកអាជ្ញាធរគ្រប់គ្រងសំណល់ជាតិផ្ទុះ នៃប្រទេសសូម៉ាលី បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” រៀបចំឡើងដោយអង្គភាព CMAC សហការជាមួយ JICA នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។

សិក្ខាសាលានេះមានគោលបំណងផ្តល់នូវវេទិកាដ៏មានសារៈសំខាន់មួយ ដើម្បីចែករំលែកឧត្តមានុវត្តន៍ រួមជាមួយបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថាប័នជាតិ ការគ្រប់គ្រងវិស័យសកម្មភាពមីន និងប្រតិបត្តិការបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ជូនដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិនៃសកម្មភាពមីន មកពីបណ្តាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកចំនួន០៤ រួមមាន ស៊ូដង់ខាងត្បូង នីហ្សេរីយ៉ា អេត្យូពី និងសូម៉ាលី។

សូមជម្រាបថា តាមការបញ្ជាក់ពីថ្នាក់ដឹកនាំមកពីបណ្តាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកចំនួន០៤ខាងលើ ក្នុងប្រទេសរបស់ខ្លួនពុំទាន់មានអង្គភាពឬស្ថាប័នប្រតិបត្តិករជាតិបោសសម្អាតមីននៅឡើយទេ ដោយពឹងផ្អែកទាំងស្រុងទៅលើ ក្រុមហ៊ុន អង្គការជាតិ និងអង្គការអន្តជាតិ ដើម្បីអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតមីនក្នុងប្រទេសរបស់ខ្លួន។

ដោយមើលឃើញពីភាពជោគជ័យរបស់អង្គភាពCMAC ជាពិសេសការកសាងសមត្ថភាពរបស់អង្គភាពCMAC ក្នុងនាមជាស្ថាប័នជាតិដ៏លេញធ្លោ ដែលបានកសាងនិងពង្រឹងភាពជាម្ចាស់ និងបានកសាងធនធានមនុស្សដ៏រឹងមាំ ព្រមទាំងបានការចែករំលែកបទពិសោធន៍ ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងវិស័យសកម្មភាពមីន ទើបបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន០៤ ស្នើសុំអោយអង្គភាពCMAC តាមរយៈJICA ជួយផ្តល់ការចែករំលែកបទពិសោធន៍ និងហ្វឹកហ្វឺនដល់អង្គភាពប្រទេសរបស់ខ្លួននាពេលខាងមុខ ជាពិសេសស្នើសុំធ្វើទស្សនៈកិច្ចនៅកម្ពុជា (អង្គភាពCMAC) ដើម្បីសិក្សាអោយកាន់តែច្បាស់អំពីវិស័យបោសសម្អាតមីននៅកម្ពុជា ព្រមទាំងយកទៅអនុវត្ត ក៏ដូចជាធ្វើការកំណែទម្រង់ស្ថាប័នជាតិរបស់ខ្លួនឈានឆ្ពោះទៅទទួលបានជោគជ័យ ក្នុងការពង្រឹងភាពជាម្ចាស់នៃស្ថាប័នជាតិ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលានេះដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរមីន UNDP និងដៃគូអភិវឌ្ឍមួយចំនួនដូចជា ARMAC NPA JMAS APOPO និងអង្គការMAGផងដែរ៕