សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង្អុលបញ្ជាទៅឯឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងរឹតបណ្តឹងលើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង។
សម្តេចបានថ្លែងសង្វេគចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៤នាក់ នាពេលថ្មីៗនេះ។ សម្តេចមានប្រសាសន៍ថា៖ “ថ្ងៃមុនកីឡាករម្នាក់ទៅ មានអនាគតខ្ពស់, ៤នាក់ថ្ងៃមុនយើងមើលទៅសុទ្ធតែជាអ្នកខំប្រឹងរៀន អ្នកខ្លះគ្រួសារក្រីក្រ យើងសង្វេគណាស់ហើយគ្រោះថ្នាក់ធំរបស់យើងឥលូវគ្រោះថ្នាក់ចរាចរណ៍នឹងឯង”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
សូមរំលឹកថា មនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនបង្កត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរពីបទ «បើកបរដោយធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg និងរបួសស្លាប់មនុស្សច្រើននាក់»៕
អត្ថបទ៖ អក្ខរា