សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី ខេត្ត ប្រធានស្ថាប័នទាំងអស់ តាមដានក្តាប់ព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យទាន់ ដូចជារឿងដែលពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់វិធានការភ្លាម ដើម្បីពន្លត់រឿង កុំឲ្យរឿងតូចខ្លាចជារឿងធំ។
សម្តេចបានថ្លែងថា ក្នុងរយៈពេល ៥ខែនេះ រាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចបានធ្វើការច្រើន និងដោះស្រាយបញ្ហាជាច្រើនតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ត្បិតព័ត៌មានទាំងនោះមិនគ្រប់ជ្រុងជ្រោយទាំងអស់ ប៉ុន្តែអាចជាប្រភពក្នុងការស្រាវជ្រាវចាត់វិធានការផ្ទាល់។
សម្តេចកោតសសើរស្ថាប័ន និងអាជ្ញាធរមួយចំនួនបានអនុវត្តវិធានការនេះ ដោយដោះស្រាយបានទាន់ពេលវេលា ហើយសម្តេចណែនាំដល់អភិបាលរាជធានី ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ ប្រើវិធានការនេះ។ សម្តេចមានប្រសាសន៍ថា សម័យឌីជីថលហើយ យើងមិនត្រឹមតែប្រើប្រាសឌីជីថលដើម្បីតែទទួលព័ត៌មានទេ តែត្រូវប្រើប្រាស់ដើម្បីដោះស្រាយបញ្ហា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤៕
អត្ថបទ៖ អក្ខរា