វិស័យចិញ្ចឹមសត្វក្នុងស្រុកចាប់ផ្តើមទទួលបានពន្លឺនៃការរស់រានឡើងវិញហើយ

ក្រោយពីអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុករងផលប៉ះពាល់និងខាតបង់ប្រាក់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ឥលូវចាប់ផ្តើមទទួលបានពន្លឺ នៃការរស់រានឡើងវិញហើយ កាលពីថ្ងៃទី៩ខែមករាឆ្នំា២០២៤ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចាត់ឱ្យក្រុមមន្ត្រីជំនាញក្រោមឱវាទរបស់ក្រសួង បើកកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វនៅកម្ពុជា។

បើយោងតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរវាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាមួយនិងក្រុមហ៊ុននាំចូលសាច់បង្កក នៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វកាលថ្ងៃទី៩ខែមករា ទទួលបានលទ្ធផលល្អប្រសើរ ពោលមានន័យថាវិស័យចិញ្ចឹមសត្វនៅកម្ពុជាចាប់ផ្តើមមានរស្មីវិញហើយ នៅពេលដែលតំណាងក្រុមហ៊ុនមានសិទ្ធនាំចូលសាច់បង្កកបង្ហាញចេតនាធ្វើការរួមគ្នាជាមួយខាងសមាគមថាផ្អាកការនាំចូលសាច់បង្កកមកពីខាងក្រៅ។

លោកស្រ៊ុន ពៅ  មានប្រសាសន៍ថា «ក្រោយកិច្ចប្រជុំយើងទទួលបានលទ្ធផលល្អប្រសើរ មានន័យថាវិស័យចិញ្ចឹមសត្វនៅកម្ពុជាមានរស្មីហើយ ដោយសារក្រុមហ៊ុនដែលនាំចូលសាច់បង្កក គាត់ថានិងធ្វើការជាមួយខាងសមាគមអ្នកចិញ្ចឹមសត្វ ដោយផ្អាកការនាំចូលសាច់មកពីខាងក្រៅ ធ្វើយ៉ាងជួយរំដោះសាច់ដែលកកស្ទះនៅក្នុងស្រុកឱ្យអស់ ពោលជួយ កសិករអាចលក់សត្វរបស់ខ្លួន បានតម្លៃរួចខ្លួន មិនខាតបង់នៅដំណាក់កាលដំបូងៗនេះ»។

លោកស្រ៊ុន ពៅ លើកឡើងថា វិស័យចិញ្ចឹមសត្វចាប់ផ្តើមមានពន្លឺឡើងវិញនៅក្នុងខែមករាឆ្នាំ២០២៤នេះដោយសាររាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធជួយជំរុញនិងផ្តោតការយកចិត្តទុកដល់មកលើវិស័យចិញ្ចឹសត្វក្នុងស្រុក ជាជាងការនាំចូល។

លោកបញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលថ្ងៃទី៩ខែមករាឆ្នាំ២០២៤កន្លងមកនេះផ្តោតលើពីចំណុច៖ចំណុចទី១ ឱ្យក្រុមហ៊ុនផ្អាកការនាំចូលនៅបំណែកនៃសត្វជ្រូក សាច់មាន់និងសាច់គោ ហើយខាងសមាគមចង់ឱ្យក្រុមហ៊ុនងាកមកទទួលទិញសាច់នៅក្នុងស្រុក ហើយធ្វើការកែច្នៃបង្កកនិងលក់ទៅឱ្យអតិថិជនគោលដៅរបស់ខ្លួន។ចំណុចទី២ ខាងសមាគមបានស្មើសុំទៅរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធ  ផ្អាកមិនឱ្យនាំចូលគ្រឿងក្នុងរបស់សត្វរយៈពេល៦ខែ ដែលនិងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ ហើយបើចង់នាំចូលត្រូវតែមានការអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។

ពាក់ព័ន្ធនិងការការនាំសាច់បង្កកពីខាងក្រៅចូលមកកម្ពុជា បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថាក្រុមហ៊ុនមានសិទ្ធនាំចូលធំៗប្រហែល១០ក្រុមហ៊ុន ខណៈកន្លែងសម្រាប់បង្កកសាច់នៅក្នុងស្រុកមានប្រហែល១០០កន្លែង។

លោកស្រ៊ុន ពៅ សង្កត់ធ្ងន់ថា«វិស័យចិញ្ចឹមសត្វចាប់ផ្តើមមានពន្លឺពីខែមករាទៅហើយ ហើយក្នុងដំណាក់កាលនេះដែរ បើសិនជាខាងក្រុមហ៊ុននាំចូលសាច់បង្កក គាត់ពិតចង់ជួយវិស័យចិញ្ចឹមសត្វប្រសើរឡើងវិញ ប្រើពេលត្រឹមតែ១ខែ អ្នកចិញ្ចឹមសត្វអាចលក់សត្វបានតម្លៃរួចខ្លួនឬស្មើថ្លៃដើមផលិត ធ្វើឱ្យកសិករលែងរអ៊ូរទាំដូចមុនទៀតហើយ»៕

​អត្ថបទ៖ តាកែវ