ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងមន្ត្រីបច្ចេកទេសក្រសួងបានជួបពិភាក្សាការងារជាមួយប្រតិភូសមាគមកុងស៊ុលតង់ជប៉ុនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (ADCA) ដឹកនាំដោយលោក KUMAGAI Toru នៅថ្ងៃទី២២ ខែមករាឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ឯកឧត្តមបានឱ្យដឹងថាគោលបំណងសំខាន់របស់ ADCA គឺសិក្សាប្រមូលទិន្នន័យ និងព័ត៌មានស្តីពីស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា ដើម្បីរៀបចំគម្រោងគំរូគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកសិកម្មនៅជនបទសម្រាប់ស្នើសុំទៅរាជរដ្ឋាភិបាលជប៉ុនតាមរយៈជំនួយអភិវឌ្ឍផ្លូវការជប៉ុន (Japan Official Development Assistant)។
ក្នុងកិច្ចជំនួបក្រុមសមាគមកុងស៊ុលតង់ជប៉ុនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម(ADCA) បានស្នើសុំឱ្យក្រសួងធនធានទឹក និងឧតុនិយមផ្តល់កិច្ចសហការដើម្បីកំណត់ទីតាំងប្រព័ន្ធធារាសាស្រ្តសម្រាប់ជ្រើសរើសយកមកធ្វើជាគម្រោងគំរូ និងចុះពិនិត្យដល់ទីតាំងជាក់ស្តែងតែម្តង។
គួរបញ្ជាក់ថាគម្រោងដែលត្រូវរៀបចំស្នើសុំទៅរាជរដ្ឋាភិបាលជប៉ុនមានរយៈពេល៥ឆ្នាំចាប់ផ្តើមពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០៕