“អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវមានការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ជៀសវាងដាច់ខាតរឿងមួយ គឺបុកគេស្លាប់ហើយ បង់លុយរួចខ្លួន ប៉ុន្តែយើងត្រូវធានាឱ្យបានមុនគេបំផុតគឺ សំណងសម្រាប់ជនរងគ្រោះ ពីព្រោះពាក្យថាបុកគេស្លាប់ មិនមែនជាប់គុកអស់មួយជីវិតនោះទេ”។ នេះជាការថ្លែងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តមបានលើកឡើងថា នៅកម្ពុជាមិនមានច្បាប់ដាក់ទោសជនបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ឲ្យជាប់ទោសអស់មួយជីវិតនោះទេ ប៉ុន្តែបើមិនហ៊ានប្រឈមចំពោះមុខច្បាប់ នោះនឹងក្លាយជាមនុស្សក្រៅច្បាប់អស់មួយជីវិត ហើយប្រឈមនឹងបទល្មើសបន្ថែមទៀត។
យោងតាមមាត្រា៨១ នៃច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១ ចែងថា ជនណាបើកបរដោយបង្កឱ្យស្លាប់ដល់អ្នកដទៃ ដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅបី(៣)ឆ្នាំ ឬ/និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរលាន (២.០០០.០០០) រៀល ទៅ ប្រាំមួយលាន (៦.០០០.០០០) រៀល។ ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាព៖ បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរ តែមិនត្រឹមត្រូវតាមការកំណត់។ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រ ឈាមឡើងទៅ។ បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់ និងរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ៕
អត្ថបទ៖ អក្ខរា