សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅសាធារណរដ្ឋបារាំង និងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជូននូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យ បន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការនៃការស្វែងរកនូវសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូន ឯកឧត្តមអគ្គរដ្ឋទូត អំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពអាចព្យាករណ៍បាន និងភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ នៅកម្ពុជា។
បន្ថែមទៀតនោះ សម្តេចធិបតី និង ឯកឧត្តមអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម រវាងកម្ពុជា-អូស្រ្តាលី ដែលទាំងកម្ពុជា និង អូស្រា្តលី អាចនឹងបង្កើន និងពង្រឹងនូវតួនាទីរបស់ខ្លួន នៅក្នុងវេទិកាតំបន់ និងសកល ផងដែរ៕