សហគមន៍កសិកម្មចំនួន១០ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន Thai Wha ជាមួយសាជីវកម្មសហគមន៌កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦០,០០០តោន (៦ម៉ឺន) ដែលមានក្រុមកសិករអ្នកផលិតចំនួន ១៤១២គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៌កសិកម្មពួគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ។ នេះបើតាមការឲ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
មន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមករានេះ តម្លៃដំឡូងមីទទួលបានដល់ដៃកសិករ ៣៨០៛/kg។ មន្ទីរកសិកម្មដដែលបានអះអាងថា ក្រុមហ៊ុន CACC ថ្លឹងទម្ងន់ដោយជញ្ជីងត្រឹមត្រូវ (មិនស៊ីគីឡូ) និងមិនមានកាត់ភាគរយទម្ងន់ ដោយក្នុង១តោនដំឡូងមីស្រស់ទូទាត់ថវិកាជូន ១០០០Kg។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា ធ្លាប់បានឲ្យដឹងថា ស្ថានភាពទីផ្សារដំឡូងមីនៅខេត្តព្រះវិហារឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនបន្តិចនារដូវប្រមូលផលនេះ ដោយសារទីផ្សារអន្តរជាតិមានភាពល្អប្រសើរ ដែលធ្វើឱ្យដំឡូងមីក្នុងស្រុកក៏ឡើងថ្លៃដែរ។ លោកបន្តថា តម្លៃល្អ ក៏ដោយសារនៅខេត្តព្រះវិហារដីមានជីជាតិល្អ ព្រមទាំងការជ្រើសរើសពូជបានល្អផងដែរ
គួរឲ្យដឹងដែរថា ខេត្តព្រះវិហារ មានផ្ទៃដីដាំដំឡូងមី ប្រមាណ ៣ម៉ឺនហិកតា ដែលទទួលបានទិន្នផលប្រមាណ ៧០ម៉ឺនតោន ក្នុង១ឆ្នាំ៕
អត្ថបទ៖ អក្ខរា