សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញសារលិខិតជូនពរ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើត បញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នេះ។
នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការកោតសរសើរ និងការលើកទឹកចិត្តដោយស្មោះចំពោះយោធិនទាំងអស់ ដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្ដាគ្រប់កងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយក៏បានសហការយ៉ាងល្អប្រសើរជាមួយនឹង អាជ្ញាធរមូលដ្ឋាន ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំនួនក្នុងពិភពលោក កំពុងប្រឈម និងរងគ្រោះ ដោយសារសង្គ្រាម អំពើរភេរវកម្ម នឹងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត។
សម្តេចធិបតីបានបន្តថា ទោះបីជាយើងមានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយយ៉ាងណាក្តី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០២៤ នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬ ដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទនៅ តែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្ត ប្រែប្រួលនៃសភាព ការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារ ឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារដោះស្រាយ ជីវភាព ថវិការបបឧបត្ថម្ភផ្សេងៗ និងការបំពាក់សម្ភារៈស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការផ្តល់នូវកិត្តិយស និងការគោរពដោយសេចក្ដីថ្លៃថ្នូរចំពោះកងយោធពលខេមរភូមិន្ទ ក្នុងន័យជាការតបស្នងដល់គំរូវីរភាព និងគុណូបការៈដ៏ឧត្តុងឧត្តមរបស់កងយោធពលខេមរភូមិន្ទ៕
អត្ថបទ៖ អក្ខរា