សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារអមដោយរូបភាពមួយសន្លឹកកាលដែលសម្តេចតេជោធ្វើរដ្ឋមន្រ្តីការបរទេសក្នុងវ័យ២៧ឆ្នាំ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។
សម្តេចតេជោ ថ្លែងថា ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំមិនទាន់បានជួបប្រពន្ធកូនមានរបបស្បៀង១៦គីឡូក្នុងនោះអង្ករ១០គីឡូពោតក្រហម៦គីឡូ។ ងាកមកសម្លៀកបំពាក់ខ្ញុំមានខោអាវធំតែមួយសម្រាប់នេះទេដែលជាជំនួយរបស់មិត្តវៀតណាម(រូបថតនេះថតនៅប្រហែលពាក់កណ្តាលកុម្ភះឆ្នាំ១៩៧៩មុនពេលខ្ញុំជួបភរិយានិងកូនខ្ញុំ)។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខោអាវធំនេះមិនបានវាស់កាត់ទេបានជាខោវែងជាងជើងអាវធំជាងខ្លួន។ ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅរើសនៅផ្សារថ្មីម្ខាងធំម្ខាងតូចពាក់ឈឺជើងស្ទើរដើរមិនរួច។ តែទោះយ៉ាងណាខោអាវមិនស្អាតនេះមិនរំខានការងារខ្ញុំនោះទេវាតាមបំរើខ្ញំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូប្រទេសស្រីលង្កានៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេសនៃចលនាមិនចូលបក្សសម្ព័ន។
សម្តេចតេជោបន្ថែមថា ខោអាវមួយសម្រាប់នេះវាបានជួយឱ្យខ្ញុំទទួលបានជោគជ័យរយៈពេលជាង៤៥ឆ្នាំកន្លងមក។ ជោគជ័យដែលបានមកដោយការលំបាកគឺជោគជ័យដែលមោទកភាពនិងត្រូវចេះថែរក្សាឱ្យខាងតែបាន។ ត្រូវចងចាំជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយតែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាពដើម្បីបំរើដល់ផលប្រយោជន៍ជាតិនិងប្រជាជន៕