រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលីបើកឱ្យដំណើរការសាងសង់ឧទ្យានទន្លេស្ងួត ដែលស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២៤។
ក្រសួងបរិស្ថានបានឲ្យដឹងថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្នុងដំណាក់កាលទី១ ដើម្បីឈានឆ្ពោះទៅកាន់ប្រទេស មានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ជាមួយគោលដៅអាទិភាពទី២ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើនប្រាក់ចំណូល ពីតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ អព្យាក្រឹតកាបូន។
ជាមួយគ្នានេះ ឧទ្យានទន្លេស្ងួតមិនត្រឹមជាកន្លែងកម្សាន្តសម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្តល់ប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដ៏សម្បូរបែបដូចជា កញ្ចុះសម្រាប់អង្គុយលេង និងកន្លែងស្ទូចត្រីកម្សាន្ត មគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់វប្បធម៌ធម្មជាតិនេះ ព្រមទាំងសេវាកម្មម្ហូបអាហារ ការលក់ដូរកសិផលក្នុងស្រុកជូនភ្ញៀវទេសចរណ៍ ប្រកបដោយចិត្តស្អាត ស្មោះត្រង់ និងផ្ដល់នូវផាសុកភាពជូនភ្ញៀវទេសចរ និងកាត់បន្ថយការបំពុលនានាទៅក្នុងបរិយាកាស ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកស្ទួយការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង៕