កូនប្រុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កុមារា រិទ្ធិសិទ្ធិ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួម ២,២៧៩នាក់ មកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកក។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះថា៖ « ថ្ងៃនេះបានទទួលថាមពលពេញ ព្រោះបានកូនប្រុសមកទទួលដល់ព្រលានយន្តហោះ ព្រមទាំងនាំយកមកនូវលទ្ធផលពិសេសថ្មីទៀត ក្នុងការប្រលងគណិតវិទ្យា (CARIBOU MATHEMATICS CONTEST) ដែលគាត់បានជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា និងលើសាកលលោក»។
នេះមិនមែនជាលើកទីមួយទេដែលកូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា កុមារា រិទ្ធិសិទ្ធិ ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ រិទ្ធិសិទ្ធិ ក៏ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រលង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក ផ្នែកគណិងវិទ្យាក្នុងកម្មវិធី CARIBOU MATHEMATICS CONTESTនេះផងដែរ។
កូនប្រុសសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបន្តរក្សាតំណែងចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាក្នុងកម្មវិធីប្រឡងលំដាប់ពិភពលោកនេះ មានឈ្មោះពេញ ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ មានអាយុ ៦ឆ្នាំ កូនប្រុសទី៣ បន្ទាប់ពីកូនស្រីច្បងទី១ ឈ្មោះ ហ៊ុនពេជ មុន្នីវលក្ខណ៍ កូនស្រីទី២ ឈ្មោះ ហ៊ុនពេជ មុន្នីលីណា។
សូមបញ្ជាក់ថា CARIBOU MATHEMATICS CONTEST គឺជាការប្រកួតគណិតវិទ្យាតាមអ៊ិនធឺណេតអន្តរជាតិដែលរៀបចំឡើងចំនួន ៦ដងក្នុងឆ្នាំសិក្សា និងមានរយៈពេល ២ថ្ងៃ ដែលប្រព្រឹត្តទៅនៅក្នុងខែមករា ខែកុម្ភៈ ខែមេសា ខែឧសភា ខែតុលា និងខែវិច្ឆិកា៕
អត្ថបទ៖ អក្ខរា