ក្មេងស្រីកម្ពុជាកាន់តែច្រើន ចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះថា ក្មេងស្រីកម្ពុជាកាន់តែច្រើនចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធី Technovation Girls Cambodia។

កម្មវិធី Technovation Girls កម្ពុជា បាននិងកំពុងជំរុញលើកទឹកចិត្តក្មេងស្រីឱ្យចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យា សហគ្រិនភាព ការសរសេរកូដ ការបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ ដែលកម្មវិធីនេះជាផ្នែកមួយ ជួយកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

កម្មវិធីប្រកួត Technovaiton Girls បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដែលបច្ចុប្បន្នក្រោមការសម្របសម្រួលដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានជួយជំរុញសកម្មភាពសិស្សក្រៅម៉ោងសិក្សា ការបង្កើតក្លឹបស្វ័យសិក្សា ស្របតាមវិធានគន្លឹះ និងបរិវត្តកម្មឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រៅពីជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល កម្មវិធីនេះក៏បានជួយអភិវឌ្ឍសិស្សលើបំណិនទន់ ដូចជាការទំនាក់ទំនង ការសហការការងារជាក្រុម ការស្វែងយល់ពីសហគមន៍ ការស្វែងរកដំណាយស្រាយបញ្ហាជាដើម ដែលទាំងនេះជាបំណិនដ៏ចាំបាច់សម្រាប់យុវជននាសតវត្សរ៍ទី២១។

សូមជម្រាបថា កម្មវិធី Technovaiton Girls ឆ្នាំ២០២៤ បានចាប់ផ្ដើមដំណើរការ ដោយក្រុមកុមារី និងគ្រូដឹកនាំពីខេត្តផ្សេងៗគ្នា បានជួបប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីទទួលបានការណែនាំទូទៅស្ដីពីកម្មវិធីប្រកួតមួយនេះ និងការចុះឈ្មោះចូលរួមប្រកួត ត្រៀមខ្លួនក្នុងការឈានទៅជំហានបន្ទាប់ទៀត៕