ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែមករា ជួបប្រជុំជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំកិច្ចសហការក្នុងយុទ្ធនាការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានជម្រាបជូនពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសយុទ្ធនាការចំនួន២ ដែលក្រសួងយុត្តិធម៌បានដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ គឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទាំង២នេះ ឯកឧត្តម បានគូសបញ្ជាក់ផងដែរអំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ប្រភេទ គឺគ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាពដែលចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ស្របតាមទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជននិងសង្គមជាតិ។
ដើម្បីអនុវត្តដោយម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការកែទម្រង់នេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស្នើសុំការគាំទ្រ និងកិច្ចសហការពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយទាំងនៅក្នុងការអនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជាការអនុវត្តវិធានការដាច់ខាតសម្រាប់សំណុំរឿងទាំង ៣ប្រភេទខាងលើ។
ឯកឧត្តមឱម យ៉ិនទៀង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ព្រមទាំងបានបង្ហាញនូវគោលជំហរផ្តល់កិច្ចសហការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកជំរុញឲ្យការកែទម្រង់នេះបានទទួលជោគជ័យ ពីព្រោះថាជោគជ័យនេះមិនមែនសម្រាប់តែក្រសួងយុត្តិធម៌នោះទេ តែជាជោគជ័យរបស់រាជរដ្ឋាភិបាល និងរបស់សង្គមជាតិកម្ពុជាទាំងមូល៕